ភ្នំពេញះ- ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ «ភីលូ» (Peilou) T2616 ខណៈព្យុះទី១៥ «ចាន់ហម» (Chan-hom) T2615 និងព្យុះសង្ឃរាទី១៣ «ដួលហ្វីន» (Dolphin) T2613 កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់សមុទ្រ និងអាងទន្លេមេគង្គ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្រសួងបញ្ជាក់ថា កម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំង៣នេះទេ។ ទោះជាយ៉ាងណា ឥទ្ធិពលរបស់ប្រព័ន្ធព្យុះទាំងនេះអាចធ្វើឱ្យធាតុអាកាសនៅកម្ពុជាមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
– សម្រាប់ តំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។
– ចំណែក តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០%។
– ដោយឡែក តំបន់មាត់សមុទ្រ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។ សម្រាប់សមុទ្រ អាចមានរលកបោកបក់ខ្លាំង ដោយកម្ពស់រលកមធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
– ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ក្រសួងបញ្ជាក់ថា នឹងបន្តតាមដាន និងវិភាគស្ថានភាពធាតុអាកាស ហើយនឹងជូនដំណឹងជាបន្តបន្ទាប់ ប្រសិនបើមានការប្រែប្រួលនៃស្ថានភាពអាកាសធាតុ៕

