ភ្នំពេញះ-ស្របពេលដែលព្យុះសង្ឃរាទី១៣ ដូលហ្វីន នៅមិនទាន់អស់ឥទ្ធិពលនៅឡើយផងនោះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កម្ពុជា នឹងជួបព្យុះថ្មីមួយបន្ថែមទៀត គឺជាព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 ដែលនឹងធ្វើនៅតាមបណ្ដាខេត្ត និងតំបន់មួយចំនួនមានបាតុភូភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ បើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥សីហានេះ ព្យុះទាំងពីរនេះ នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៥ ខែសីហា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការប្រកាសរបស់ក្រសួងធនធានទឹក ព្យុះទី១៤ ឈ្មោះ គូជីរ៉ា (Kujira) T2614 បានកើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូង រួមជាមួយព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វឺន (Dolphin) T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។ តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
– តានការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាស នៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ៥០%។
– តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
– តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
– យោងលើការព្យាករ ក្រសួងធនធានទឹក ប្រកាសឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕

