រដ្ឋបាលខេត្តកណ្ដាល ចាត់តាំងលោកស្រី ប៊ុក ណារ័ត្នផល្លា ជាប្រធានមណ្ឌលសុខភាពសិត្បូស្តីទី ជំនួសលោក ឈុន ផល្លី

កណ្តាលះ- ក្រោយពីបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្បូ ដោយសាររងការរិះគន់យ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការអនុវត្តវិធីសង្គ្រោះបឋមដោយធ្វើចលនាបេះដូង (CPR) លើជនរងគ្រោះជានារីវ័យ ១៧ឆ្នាំ រដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក៏បានប្រកាសចាត់តាំងលោកស្រី ប៊ុក ណារ័ត្នផល្លា ឲ្យធ្វើជាប្រធានមណ្ឌលសុខភាពសិត្បូ​ស្តីទី ដើម្បីដឹកនាំ ចាត់ចែងការងារប្រចាំថ្ងៃរបស់មណ្ឌលសុខភាព។ លោកស្រី ប៊ុក ណារ័ត្នផល្លា មានអត្តលេខ ២៨៨១២០០០៨២ ឋានន្តរសក្តិ មន្ត្រីសុខាភិបាលមធ្យមដើមខ្សែ ថ្នាក់លេខ៣ (ខ.២.៣)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ជម្រាបថា លោក ឈុន ផល្លី អត្តលេខ ១៨៧០៨០០០០៩ ឋានន្តរសក្តិ មន្ត្រីសុខាភិបាល បឋម ថ្នាក់លេខ៤ (គ.៤) នៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ត្រូវបានលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល សម្រេចបញ្ចប់ភារកិច្ចពីប្រធានមណ្ឌលសុខភាពសិត្បូ ដោយផ្ទេរមកបំពេញការងារជាមន្ត្រីវិញ។

– ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក ឈុន ផល្លី រងការរិះគន់យ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការអនុវត្តវិធីសង្គ្រោះបឋមដោយធ្វើចលនាបេះដូង (CPR) លើជនរងគ្រោះជានារីវ័យ ១៧ឆ្នាំ ដែលមហាជនមួយចំនួនលើកឡើងថា មិនស្របតាមវិជ្ជាជីវៈ និងនីតិវិធីវេជ្ជសាស្ត្រ។

– ក្រោយពីរងការរិះគន់ពីមហាជនលើបណ្ដាញសង្គម នៅថ្ងៃទី៤សីហា លោក ឈុន ផល្លី ក៏បានសរសេរលិខិតលាយល័ក្ខជាអក្សរចំនួនពីរសន្លឹករៀបរាប់ពីហេតុការណ៍ និងសុំទោសដល់នារីរងគ្រោះក៏ដូចជាសាច់ញាតិ ចំពោះកាយវិកាសង្គ្រោះដែលប៉ះពាល់លើអ្នកជំងឺដោយអចេតនា។

– នៅក្នុងលិខិត លោក ឈុន ផល្លី ក៏បានអះអាងថា រាល់ហេតុការណ៍ដែលលោកបានធ្វើក្នុងស្ថានភាពជាក់ស្ដែងទាំងនៅក្នុងមណ្ឌលសុខភាព និងនៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក គឺជាកាពិត៕

 

You might like