អន្តរជាតិះ- តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះគំហុកទៅក្រោម ៨០ ដុល្លារ/បារ៉ែល ក្រោយមន្ត្រីកាតា និងសហរដ្ឋអាមេរិកបង្ហាញសញ្ញាថា ការចរចាដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់អាចមានវឌ្ឍនភាព ដែលអាចជួយសម្រួលលំហូរដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ពេលបិទការជួញដូរនៅថ្ងៃអង្គារ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤,៤១ ដុល្លារ ឬ ៥,៣% មកនៅត្រឹម ៧៩,៣៦ ដុល្លារ/បារ៉ែល ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ១៣ ខែកក្កដា។ ចំណែកតម្លៃប្រេងអាមេរិក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៤,៥៧ ដុល្លារ ឬ ៥,៧% មកបិទនៅ ៧៥,៧៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ សប្តាហ៍។
– សម្រាប់ការជួញដូរថ្ងៃពុធនេះ (ម៉ោងហុងកុង) តម្លៃប្រេងបានបន្តធ្លាក់ចុះបន្ថែមបន្តិច ខណៈទីផ្សារបន្តវាយតម្លៃលើលទ្ធភាពនៃដំណោះស្រាយការទូត និងការស្តារឡើងវិញនៃការដឹកជញ្ជូនប្រេងនៅតំបន់មជ្ឈិមបូព៌ា។
– មន្ត្រីអាមេរិកបានបង្ហាញថា ការពិភាក្សាជាមួយអ៊ីរ៉ង់ និងអូម៉ង់ មានភាពប្រសើរឡើងជុំវិញការបើកផ្លូវសម្រាប់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។ ទន្ទឹមនឹងនេះ កាតាក៏បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត ដើម្បីបន្ថយភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត។
– អ្នកវិភាគទីផ្សារប្រេងបានលើកឡើងថា ក្តីសង្ឃឹមអំពីដំណោះស្រាយការទូតបានជួយកាត់បន្ថយការព្រួយបារម្ភរបស់ទីផ្សារចំពោះហានិភ័យភូមិសាស្ត្រនយោបាយ ដែលធ្លាប់ជាកត្តាជំរុញឱ្យតម្លៃប្រេងឡើងខ្ពស់។ ប្រសិនបើការចរចាមានវឌ្ឍនភាពបន្ថែម ទីផ្សារអាចបន្តកាត់បន្ថយការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេង។
– ទោះជាយ៉ាងណា ស្ថានភាពនៅច្រកសមុទ្រហ័រមូហ្ស នៅតែជាចំណុចសំខាន់សម្រាប់ទីផ្សារ ដោយសារតំបន់នេះធ្លាប់មានចំណែកប្រហែល ១/៥ នៃការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក មុនពេលមានសង្គ្រាមអ៊ីរ៉ង់។
– ក្រុមអ្នកវិភាគបានព្រមានថា តម្លៃប្រេងនៅតែអាចប្រែប្រួលខ្លាំង ដោយអាស្រ័យលើការវិវត្តផ្នែកនយោបាយ និងសន្តិសុខ។ ប្រសិនបើមានកិច្ចព្រមព្រៀងថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ តម្លៃប្រេងអាចបន្តរងសម្ពាធធ្លាក់ចុះ ខណៈការកើនឡើងនៃភាពតានតឹងអាចធ្វើឱ្យតម្លៃប្រេងត្រឡប់ឡើងវិញ។
– ធនាគារ Goldman Sachs បានរំពឹងថា តម្លៃប្រេង Brent អាចស្ថិតនៅក្នុងចន្លោះប្រមាណ ៨០ ទៅ ៩០ ដុល្លារ/បារ៉ែល រហូតដល់មានភាពច្បាស់លាស់អំពីកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ឬមានការកើនឡើងថ្មីនៃការវាយប្រហារ៕

