ស្វាយរៀងះ – កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះអន្តរាគមន៍ ឃាត់ខ្លួនបុរសជាប្តីម្នាក់ ករណីប្រើអំពើហិង្សាក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ និងបានយកកាំបិតភ្ជុងកប្រពន្ធ រួចតដៃជាមួយសមត្ថកិច្ច កាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចតូបលក់ដូរ ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហិន រិទ្ធី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅខេត្តព្រៃវែង និងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។ ជនសង្ស័យបានធ្វើសកម្មភាពរករឿងឈ្លោះ និងចោទប្រកាន់ប្រពន្ធឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ឆ្នាំ ថាមានសង្សារលួចលាក់។
– នៅក្នុងជម្លោះនោះ ជនសង្ស័យបានដាល់ប្រពន្ធចំនួន ២ដៃ ត្រូវចំថ្ពាល់បណ្តាលឱ្យដួលទៅលើដី ជាំក្រហម និងហើមទាំងសងខាង ព្រមទាំងបានយកកាំបិតចិតបន្លែមកភ្ជុងកប្រពន្ធ និងស្រែកគម្រាមថា «បើអ្នកណាហ៊ានចូលទៅក្បែរ ខ្លួននឹងចាក់សម្លាប់ប្រពន្ធ»។
– ភ្លាមៗនោះ ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។ ក្នុងខណៈពេលសមត្ថកិច្ចចូលទៅឃាត់ ជនសង្ស័យបានព្យាយាមយកកាំបិតចាក់ប្រពន្ធចំនួន ២កាំបិតបន្ថែមទៀត ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យរងរបួសឡើយ ដោយសារសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ បន្ទាប់មក ជនសង្ស័យបានតដៃជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវកម្លាំងជំនាញបង្ក្រាប និងឃាត់ខ្លួនបានសម្រេច រួមជាមួយវត្ថុតាងកាំបិតចិតបន្លែចំនួន ១ដើម។
– សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់អំពើហិង្សានេះ គឺបណ្តាលមកពី «ភ្លើងប្រច័ណ្ឌ»។
– បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
