អន្តរជាតិះ – ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya កាលពីថ្ងៃពុធ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក បន្តការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ដូចជាការកំណត់គោលដៅលើប្រេង ឧស្ម័ន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅទូទាំងប្រទេសនោះ ការនាំចេញប្រេងទាំងអស់ពីអាស៊ីខាងលិច នឹងត្រូវបានផ្អាក។ នេះបើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។
– ការព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងការគំរាមកំហែងឡើងវិញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ទម្លាក់គ្រាប់បែកផ្ដាច់ស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងការបង្ហោះមួយ កាលពីថ្ងៃពុធនៅលើ Truth Social លោក ត្រាំ បានសរសេរថា ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើកប៉ាល់នៅច្រកសមុទ្រ Hormuz នឹងបង្កឱ្យមានការវាយប្រហារសងសឹកវិញពីសហរដ្ឋអាមេរិកលើស្ពាន ឬរោងចក្រថាមពលដែលមានទីតាំងជាប់ ឬនៅក្នុងរដ្ឋធានីតេអេរ៉ង់។
– ទន្ទឹមនោះ បញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz នៅតែបិទ ហើយការឆ្លងកាត់ដោយកប៉ាល់នឹងត្រូវបានអនុញ្ញាតតែតាមរយៈផ្លូវដែលកំណត់ដោយអ៊ីរ៉ង់ និងស្របតាមការរៀបចំដែលបានប្រកាសរបស់ប្រទេសប៉ុណ្ណោះ។
– បញ្ជាការដដែល បានបន្ថែមថា ការគំរាមកំហែងជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិកនឹងនាំទៅរកការពង្រីកសង្គ្រាមនៅក្នុងតំបន់។
– ជាមួយគ្នានោះ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក ត្រាំ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានលើកឡើងនៅក្នុងការបង្ហោះមួយ កាលពីថ្ងៃពុធថា គោលលទ្ធិការពារជាតិរបស់យើងគឺច្បាស់លាស់ ការឈ្លានពានណាមួយប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់យើង នឹងជំរុញឱ្យមានការឆ្លើយតបដ៏មានឥទ្ធិពល និងម៉ឺងម៉ាត់បំផុត។
– អ៊ីរ៉ង់ បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រ Hormuz ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដោយកប៉ាល់ដែលជាកម្មសិទ្ធិ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទឹកដីអ៊ីរ៉ង់៕
