អន្តរជាតិះ – កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឱ្យដឹងពីការវាយប្រហារថ្មីៗលើនាវាដឹកប្រេង ២ គ្រឿង ដែលព្យាយាមឆ្លងកាត់ផ្លូវទឹកភាគខាងត្បូងដែលមិនមានសុវត្ថិភាពនៅក្នុងច្រកសមុទ្រ Hormuz បង្កជាអណ្ដាតភ្លើងដ៏ធំនៅកណ្ដាលផ្ទៃទឹកកំពុងមានជម្លោះមួយនេះ។
– នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRIB IRGC បានរាយការណ៍ថា ក្រុមជួយសង្គ្រោះ ក៏កំពុងជម្លៀសក្រុមនាវិកនៃនាវាទាំងនោះទៅកាន់កន្លែងសុវត្ថិភាពផងដែរ ខណៈរបាយការណ៍ពីអ្នកស្លាប់ ឬរងរបួសមិនមានការបញ្ជាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ អាជ្ញាធរអ៊ីរ៉ង់ ក៏មិនទាន់បង្ហាញពីអត្តសញ្ញាណនាវាដែលរងការវាយប្រហារនោះដែរ ប៉ុន្តែបានជំរុញឱ្យនាវាដឹកទំនិញទាំងអស់គួរតែស្នើសុំការអនុញ្ញាតមុននឹងឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព។
– ជាមួយគ្នានោះ អ៊ីរ៉ង់ បានព្រមានម្តងទៀតដល់ក្រុមហ៊ុនដឹកជញ្ជូនឱ្យការពារសុវត្ថិភាពក្រុមនាវិករបស់ពួកគេ កុំទុកចិត្តលើព័ត៌មានមិនពិតពីយោធាអាមេរិក និងត្រូវជៀសវាងផ្លូវដែលមានគ្រោះថ្នាក់នៅច្រកសមុទ្រនេះ។
– IRGC បានបន្ថែមថា វាច្បាស់ណាស់ថា ដរាបណាទង្វើអាក្រក់របស់អាមេរិកនៅតែបន្តនៅក្នុងតំបន់ ច្រកសមុទ្រ Hormuz នឹងត្រូវបិទ ហើយសូម្បីតែប្រេង ឧស្ម័ន ឬជីគីមីក៏មិនត្រូវបានអនុញ្ញាតឱ្យនាំចេញពីតំបន់នោះដែរ។
– គួររំលឹកថា អាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាអស់រយៈពេល ១០ យប់មកហើយ ខណៈអំឡុងជម្លោះកំពុងងើបឡើងវិញនេះ លោក ត្រាំ បានប្រកាសថា ច្រកសមុទ្រ Hormuz នៅតែបន្តបើកជាធម្មតា ក្រោមការតាមដានរបស់អាមេរិក។ អាមេរិក បានចាប់ផ្ដើមប្រតិបត្តិការបិទកំពង់ផែអ៊ីរ៉ង់ជាថ្មីនៅ Hormuz ដើម្បីជាការដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងតេហេរ៉ង់៕
