កីឡាះ- ក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា អាចនឹងបង្កើតគណនីជ័យជម្នះជាលើកដំបូងលើក្រុមបាល់ទាត់នារី ឥណ្ឌូណេស៊ី សម្រាប់ការជួបគ្នាលើកទី៦ វេលាម៉ោង ៤:៣០ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ AFF Women’s Cup នៅប្រទេសម៉ាឡេស៊ី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
ក្រុមនារីទាំងពីរបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិហើយ បន្ទាប់ពី កម្ពុជា បានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-១ ហើយក្រុមនារីឥណ្ឌូណេស៊ី បានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ២-០។ ការប្រកួតរសៀលថ្ងៃនេះគឺដើម្បីហេតុផលសំខាន់ពីរ។
ទី១. ក្រុមកម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវប្រជែងគ្នាដើម្បីយកចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ដោយសារមាន ៣ ពិន្ទុដូចគ្នា។ បច្ចុប្បន្ន កម្ពុជា ស្ថិតនៅលេខ ១ ខណៈ ឥណ្ឌូណេស៊ី ស្ថិតលេខ ២។ ក្រុមឈ្នះនឹងស្ថិតនៅលេខ ១ ប៉ុន្តែប្រសិនបើស្មើគ្នា កម្ពុជានឹងឈរលេខ១ សម្រាប់ការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទី២. ក្រុមកម្ពុជាត្រូវស្វែងរកជ័យជម្នះជាលើកដំបូងលើក្រុមឥណ្ឌូណេស៊ី បន្ទាប់ពីជួបគ្នា ៥ លើកកន្លងមកមិនធ្លាប់ឈ្នះឡើយ។ ផ្ទុយទៅវិញ ក្រុមនារីឥណ្ឌូណេស៊ី ត្រូវការរក្សាកំណត់ត្រាល្អលើកម្ពុជា ដូច្នេះជំនួបនេះពិតជាតឹងតែងខ្លាំងសម្រាប់ក្រុមទាំងពីរ។
តាមប្រវត្តិជួបគ្នា ៥ លើកកន្លងមក គឺស្មើគ្នា ៣ លើក និងឥណ្ឌូណេស៊ី ឈ្នះ ២ លើក។ ជួបគ្នាលើកដំបូងនៅឆ្នាំ ២០១៩ ក្រុមនារីកម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៤-០ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN Women’s Championship។ នៅឆ្នាំ ២០២៤ ក្រុមនារីកម្ពុជា និងឥណ្ឌូណេស៊ី បានជួបគ្នា ២ លើកទៀតក្នុងពានរង្វាន់ ASEAN Women’s Cup នៅប្រទេសឡាវគឺស្មើគ្នា ០-០ នៅវគ្គសន្សំពិន្ទុ ប៉ុន្តែវគ្គផ្តាច់ព្រ័ត្រ កម្ពុជា បានចាញ់ ៣-១ ដែលធ្វើឲ្យ ឥណ្ឌូណេស៊ី ជួបគ្នាប្រាំលើកមិនដែលឈ្នះឡើយ ។
នៅឆ្នាំ ២០២៥ ជួបគ្នាក្នុងពានរង្វាន់ ASEAN Women’s Championship នៅវៀតណាម ក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី បានស្មើគ្នាដោយលទ្ធផល ១-១ វគ្គសន្សំពិន្ទុក្នុងពូល។ ជួបគ្នាចុងក្រោយបំផុតក្នុងជំនួបមិត្តភាពកាលពីខែ មិថុនា កន្លងទៅ ក្រុមទាំងពីរស្មើគ្នា ១-១ ទៀត។
គិតចាប់តាំងពីឆ្នាំ ២០២៤ មក ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានប្រកួតអន្តរជាតិចំនួន ១៣ លើកក្នុងនោះ ឈ្នះ ៦ លើក ស្មើ ៣ លើក និងចាញ់ ៤ លើក ដែលចាត់ជាទុកជាស្ថិតិដ៏ល្អ។
កីឡាការិនីកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងជំនួបមិត្តភាពកាលពីខែមិថុនា
ប្រវត្តិជួបគ្នា ៥ លើក
កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០១៩ នៅថៃ)
កម្ពុជា ០-០ ឥណ្ឌូណេស៊ី (សន្សំពិន្ទុពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (វគ្គផ្តាច់ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ ២០២៤ នៅឡាវ)
កម្ពុជា ១-១ ឥណ្ឌូណេស៊ី (ជម្រុះក្នុងពូល ពាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅវៀតណាម)
កម្ពុជា ១-១ ឥណ្ឌូណេស៊ី (មិត្តភាពអន្តរជាតិ ឆ្នាំ ២០២៦)

កិឡាការិនីកម្ពុជា និងឥណ្ឌូណេស៊ី ក្នុងជំនួបមិត្តភាពកាលពីខែកក្កដា
