ភ្នំពេញះ- ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរងឥទ្ធិពលពីព្យុះថ្មីមួយបន្ថែមទៀត គឺជាព្យុះទី១១ ឈ្មោះ ហៃសិន (Haishen) T2611) ខណៈព្យុះសង្ឃរាទី៩ បាវី (Bavi) នៅមានឥទ្ធពលនៅឡើយ។
– ព្យុះទី១១ ឈ្មោះ ហៃសិន ដែលទើបនឹងកើតឡើងនេះ គឺដោយសារការវិវត្ដពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី១៣កក្កដា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ ហើយវានឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ចំណែកព្យុះទី៩ ឈ្មោះ បាវី (Bavi) នឹងរលាយបាត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
– តាមការប្រកាសរបសក្រសួងធនធានទឹក ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។
– តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។
– តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
– យោងលើការព្យាករ ក្រសួងធនធានទឹក អំពាវនាវឲ្យសាធារណជនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕
