កីឡាះ – គ្រូបង្វឹកជម្រើសជាតិ អេហ្ស៊ីប លោក Hossam Hassan ចាត់ទុកលទ្ធផលដែល អេហ្ស៊ីប ចាញ់ អាហ្សង់ទីន ៣-២ នៅវគ្គ ១៦ ក្រុមចុងក្រោយ World Cup 2026 គឺត្រូវបានគេលួចបន្លំដើម្បីឲ្យកីឡាករ Lionel Messi បន្តលេងទៀត។
– អេហ្ស៊ីប បានបង្ហាញសមត្ថភាពដ៏អស្ចារ្យដោយបាននាំមុខ អាហ្សង់ទីន ២-០ រហូតដល់នាទីជិត ៨០ ទៅហើយទើបអាហ្សង់ទីន បានវាយបក ៣ គ្រាប់ដើម្បីឈ្នះ ៣-២ ត្រឹម ៩០នាទី។ ការប្រកួតនេះត្រួវបានគេមើលឃើញពីការសម្រេចរបស់អាជ្ញាកណ្តាលលោក François Letexier សញ្ជាតិបារាំងហាក់ដូចលំអៀងទៅលើ អាហ្សង់ទីន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ក្នុងសន្និសីទក្រោយការប្រកួត លោក Hassan បានព្រលះថា ៖«ខ្ញុំមិនចង់និយាយពីពាក្យល្អៗពីសំណាងអាក្រក់នោះទេ។ ថ្ងៃនេះ យើងត្រូវបានគេលួចបន្លំយ៉ាងអយុត្តិធម៌។ យើងទទួលរងអយុត្តិធម៌ខ្លាំងណាស់»។
លោកបានបន្តថា ៖«យើងមិនឃើញមានការគោរព ឬលេងដោយយុត្តិធម៌នោះទេ។ មិនឃើញមានការគោរពឬយុត្តិធម៌ឡើយ។ មិនផ្តល់បាល់ពិន័យ១១ម៉ែត្រ មិនពិនិត្យមើល VAR។ គ្រាប់បាល់ទី២ត្រូវបានបដិសេធយ៉ាងច្បាស់។ មិនឃើញមានការពិនិត្យវីដេអូ VAR នៅពេលយើងទាំងអស់គ្នាឃើញតាមរូបភាពយ៉ាងច្បាស់។ ខ្ញុំនឹងមិនបន្តតាមដានការប្រកួត World Cup ឆ្នាំនេះទៀតទេ»។
«នេះជាអ្វីដែលខ្ញុំនិយាយអំពីផ្ទាល់ខ្លួន។ ពួកគេចង់ឲ្យ Messi នៅបន្ត»។ លោកបានបញ្ជាក់។

-កីឡាករ Messi មានបញ្ហាក្នុងការស៊ុតពិន័យ ១១ ម៉ែត្រក្នុងការប្រកួតដោយអ្នកចាំទីអេហ្ស៊ីប Mostafa Shobeir បានជួយសង្គ្រោះ។ ឥឡូវនេះម្ចាស់ពាន Ballon d’Or ៨ សម័យកាលបានបរាជ័យក្នុងការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ៤ ដង ក្នុងចំណោម ៨ ដងដែលរូបគេស៊ុតនៅ World Cup ក្នុងនោះមាន ២ ដងក្នុង World Cup ឆ្នាំ ២០២៦នេះ។

-គ្រូបង្វឹកអេហ្ស៊ីបបានប្រាប់សារព័ត៌មាន BeIN Sports ថា ៖«ប្រហែលជាពួកគេចង់រក្សាឲ្យក្រុមម្ចាស់ជើងឯកបន្តលេងក្នុងព្រឹត្តិការណ៍នេះ។ ប្រហែលជាពួកគេចង់ឲ្យ Messi បន្តរត់លើទីលាន។ នៅក្នុងបាល់ទាត់ ពេលខ្លះមានកត្តាខាងក្រៅលើសពីទិដ្ឋភាពបច្ចេកទេសថែមទៀត។ ជើងឯកពិភពលោកទទួលបានការគាំទ្រគ្រប់កម្រិត»។

-អ្នកចាំទី Mostafa Shoubir សង្គ្រោះបាល់ពីការស៊ុត ១១ ម៉ែត្រ របស់ Lionel Messi
ត្រឹមរយៈពេលជាង ១០ នាទីចុងក្រោយ អាហ្សង់ទីន បានវាយបកពីក្រោយ ០-២ ដើម្បីយកឈ្នះ អេហ្ស៊ីប ដោយលទ្ធផល ៣-២ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជួប ស្វីស ៕


