អន្តរជាតិះ – តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងជិត ២% សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីប្រឆាំងអ៊ីរ៉ង់ ហើយដាក់ទណ្ឌកម្មប្រេងលើប្រទេសនេះឡើងវិញ ដែលធ្វើឱ្យទីផ្សារព្រួយបារម្ភថា បទឈប់បាញ់រវាងភាគីទាំង២ អាចនឹងដួលរលំ ហើយការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាអាចរងការរំខានជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
– តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១,៩% ដល់ ៧៥,៥៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ កន្លះព្រឹកនៅទីក្រុងហុងកុង ខណៈប្រេងអាមេរិក West Texas Intermediate (WTI) បានកើនឡើង ១,៩% ដល់ ៧១,៨១ ដុល្លារ/បារ៉ែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងទាំង២ បានហក់ឡើងជាង ៣% ពេលបិទការជួញដូរនៅថ្ងៃអង្គារ បន្ទាប់ពីអាមេរិកដកការលើកលែងទណ្ឌកម្មប្រេងអ៊ីរ៉ង់ ក្រោយហេតុការណ៍វាយប្រហារលើនាវាពាណិជ្ជកម្ម ដែលគេចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកធ្វើ។
– បន្ថែមពីនោះ អាមេរិកបានវាយប្រហារតាមអាកាសថ្មីលើអ៊ីរ៉ង់ ហើយបើតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ការវាយប្រហារនេះធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដែលជាច្រកដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
– អ្នកវិភាគទីផ្សារបានប្រាប់រ៉យទ័រថា ភាពតានតឹងថ្មីបង្ហាញថា ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស នៅតែមានភាពផុយស្រួយ។ ប្រសិនបើបញ្ហានេះបន្ត ហើយចរាចរណ៍នាវាកាត់តាមច្រកសមុទ្រដដែលនៅតែមានតិចជាង ៥០% នៃកម្រិតមុនសង្គ្រាម នោះការខ្វះខាតការផ្គត់ផ្គង់ប្រេងអាចជំរុញឱ្យតម្លៃប្រេងបន្តកើនឡើង។
– គួរគូសបញ្ជាក់ថា ក្រោយអាមេរិក និងអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុន តម្លៃប្រេងបានធ្លាក់ចុះវិញមកកម្រិតមុនសង្គ្រាម ដោយសារទីផ្សាររំពឹងថា ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ានឹងកើនឡើង ហើយវិនិយោគិនជាច្រើនបានសង្ឃឹមថាតម្លៃប្រេងនឹងបន្តធ្លាក់ចុះ។
– ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយ អ៊ីរ៉ង់បានប្រកែកថាខ្លួនមិនមែនជាអ្នកទទួលខុសត្រូវលើការវាយប្រហារលើនាវាពាណិជ្ជកម្មទាំង ៣ គ្រឿងនោះទេ ប៉ុន្តែប្រទេសកាតាបានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារនោះ ដែលរួមបញ្ចូលទាំងការវាយប្រហារដោយដ្រូនលើនាវាដឹកឧស្ម័ន LNG របស់កាតា។
– បច្ចុប្បន្ន អ៊ីរ៉ង់បានបញ្ជាឱ្យនាវាដឹកទំនិញ ប្រើប្រាស់ផ្លូវដែលនៅជិតឆ្នេរសមុទ្ររបស់ខ្លួន ជំនួសផ្លូវក្បែរប្រទេសអូម៉ង់ ខណៈអាមេរិកទទូចថា ច្រកសមុទ្រហ័រមូហ្ស គួរតែបើកចំហសម្រាប់ការធ្វើនាវាចរណ៍ដោយសេរី៕

