អន្តរជាតិះ – ប្រទេសថៃ បានបញ្ជាក់ពីការរកឃើញ ករណីមនុស្សឆ្លងមេរោគព្រូនថ្លើម (Liver fluke) ក្នុងខេត្តមួយទៀតហើយ ក្រោយនិស្សិត ជាង ៤ ៥០០នាក់នៅសាកលវិទ្យាល័យខេត្ត Mahasarakham ធ្វើតេស្តរកឃើញមេរោគនេះ ព្រោះតែទទួលទាន «បុកល្ហុង»។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ខេត្តដែលរកឃើញករណីថ្មីនេះ គឺ Nakhon Ratchasima ប៉ុន្តែគេមិនទម្លាយឡើយថាតើ មានមនុស្សប៉ុន្មាននាក់ ឆ្លងមេរោគនេះ។
យ៉ាងណា អាជ្ញាធរខេត្ត បានប្រកាសឲ្យប្រញាប់ប្រញាល់ ចាត់វិធានការ និងចុះទៅពិនិត្យទីតាំងលក់បុកល្ហុងទាំងឡាយ ដើម្បីធានាថា មានសុវត្ថិភាព។
– នៅ Mahasarakham មាននិស្សិត ៤ ៥៨០នាក់ មកពីសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម ដោយក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។
– យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង។
– សូមជម្រាបជាថ្មី ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឲ្យឆ្អិនល្អ។
– នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់ លឿងភ្នែក លឿងស្បែក និងក្តៅខ្លួន។
– ចំពោះផលវិបាកគ្រោះថ្នាក់បំផុត វាបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ ពោលគឺព្រូនរារាំងលំហូរទឹកប្រមាត់ ធ្វើឲ្យរលាក និងឆ្លងមេរោគ។ រួច វានឹងបង្កការរលាករ៉ាំរ៉ៃ បំផ្លាញកោសិកាថ្លើម បណ្តាលឲ្យថ្លើមឡើងរឹង តែម្តង។
– យ៉ាងណា ការឆ្លងមេរោគព្រូនថ្លើមនេះ ដោយមិនព្យាបាល អាចបង្កើនហានិភ័យ នៃជំងឺមហារីកបំពង់ទឹកប្រមាត់ នៅរយៈពេល ១៥ ទៅ ២០ ឆ្នាំក្រោយ៕

