អន្តរជាតិះ – កងទ័ពអាកាសអ៊ុយក្រែន បានព្រមានពីកង្វះខាតទ្រង់ទ្រាយធំនៃប្រព័ន្ធមីស៊ីលស្ទាក់ចាប់ ទើបធ្វើឱ្យមីស៊ីលបាលីស្ទីកចំនួន ២៣ គ្រាប់ដែលបាញ់ដោយរុស្ស៊ីសំដៅទីក្រុងគៀវ កាលពីយប់ថ្ងៃអាទិត្យ មិនមានការបាញ់ទម្លាក់សម្បី ១ គ្រាប់។
– មន្ត្រី បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំលើកទីពីររបស់រុស្ស៊ីទៅលើរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យសម្ព័ន្ធមិត្តធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងកិច្ចប្រជុំកំពូលណាតូ នៅសប្តាហ៍នេះ ដើម្បីផ្តល់ប្រព័ន្ធការពារផ្លូវអាកាសដល់ទីក្រុងគៀវ។
– បន្ទាប់ពីការវាយប្រហារនោះ លោក ហ្សេលេនស្គី បាននិយាយថា យោធាអ៊ុយក្រែន ទទួលបានជោគជ័យក្នុងការស្ទាក់ចាប់មីស៊ីលបញ្ជាទិស និងយន្តហោះគ្មានមនុស្សបើក ប៉ុន្តែមិនអាចទប់ទល់នឹងមីស៊ីលផ្លោង។

– លើសពីនេះ លោក ហ្សេលេនស្គី ក៏បានលើកឡើងថា វាមិនសមហេតុផលទាល់តែសោះ ដែលនៅក្នុងពិភពសម័យទំនើប តែការផលិតនៅតែមិនទាន់ត្រូវបានពង្រីកដល់កម្រិតដែលត្រូវការ ដើម្បីការពារប្រជាជនពីភេរវកម្មផ្លោង។
– លោក បានបង្ហោះនៅលើ X ថា ការវាយប្រហារដ៏ធំរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ បានប្រើមីស៊ីលចំនួន ៦៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន ៣៥១ គ្រាប់។ កងទ័ពអាកាសបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៧ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣២៦ គ្រឿង។
– លោក ហ្សេលេនស្គី បានព្រមានថា ទីក្រុងមូស្គូនឹងបន្តវាយប្រហារអគារលំនៅដ្ឋានកាន់តែខ្លាំង បើយើនៅតែបន្តខ្វះខាតប្រព័ន្ធការពារ។
– គួរបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយអះអាងថា ជាការសងសឹកចំពោះការបង្កហេតុនៅតំបន់គ្រីមៀដោយលោក ហ្សេលេនស្គី ដែលមានបំណងធ្វើឱ្យតំបន់នោះធ្លាក់ក្នុងវិបត្តិប្រេង៕

