អន្តរជាតិះ – នាយករដ្ឋមន្ត្រីនៃរដ្ឋជ្វីហ្វ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងមានលទ្ធភាពឆ្លើយតបទៅនឹងការវាយប្រហារណាមួយដោយអង្គភាពហេសបូឡារបស់ចលនាស៊ីអ៊ីតគ្រប់ពេលវេលា ដោយសង្កត់ធ្ងន់ថា កងទ័ពដែលឈរជើងនៅភាគខាងត្បូងប្រទេសលីបង់មិនមានបំណងដកថយនោះទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក បានឱ្យដឹងថា លោកបានជួបប្រជុំ កាលពីថ្ងៃសុក្រ ជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz និងប្រធានសេនាធិការកងទ័ព លោក អេយ៉ាល ហ្សាមៀរ ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីការវាយប្រហារពេញមួយយប់លើប្រទេសលីបង់។
– ទន្ទឹមនោះ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា បទបញ្ជារបស់ខ្ញុំគឺច្បាស់លាស់ណាស់ អ៊ីស្រាអែលនឹងមិនអត់ឱនចំពោះការវាយប្រហារណាមួយលើកងទ័ពរបស់ខ្លួន ឬទឹកដីរបស់ខ្លួននោះទេ ហើយនឹងធ្វើឱ្យក្រុមហេសបូឡា ស្គាល់មេរៀនក្ដៅចំពោះការវាយប្រហារទាំងនេះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល នឹងចាត់វិធានការដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយមកលើកងកម្លាំង និងទឹកដីរបស់ខ្លួន។
– នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា អ៊ីស្រាអែលនឹងស្ថិតនៅក្នុងតំបន់សន្តិសុខភាគខាងត្បូងប្រទេសលីបង់ ក្នុងភាពចាំបាច់ណាមួយ ដើម្បីការពារសហគមន៍ភាគខាងជើងរបស់អ៊ីស្រាអែល។
– ជាមួយគ្នានោះ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា ការវាយប្រហារជាបន្តបន្ទាប់លើប្រទេសលីបង់ ដូចជាការវាយប្រហារគោលដៅហេសបូឡាជាង ៨០ ទីតាំង រួមទាំងប៉ុស្តិ៍បញ្ជាការនៅក្នុងជ្រលងភ្នំ Bekaa នៅភាគខាងកើតនៃសាធារណរដ្ឋ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះលើក្រុមរថក្រោះអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ការប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យកងទ័ពអ៊ីស្រាអែល ៤ នាក់ស្លាប់ រួមទាំងមេបញ្ជាការកងវរសេនាធំម្នាក់ដែលមានឋានៈជាវរសេនីយ៍ឯក។
– លោក បន្តថា បន្ទាប់ពីការវាយប្រហារដ៏សាហាវនេះរបស់ពួកហេសបូឡាដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ កាលពីយប់មិញ ខ្ញុំបានបញ្ជាឱ្យកងកម្លាំងការពារជាតិអ៊ីស្រាអែលវាយប្រហារយ៉ាងខ្លាំងទៅលើហេសបូឡា៕
