អន្តរជាតិះ- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីរ៉ង់គឺជិតឈានមកដល់ហើយ ហើយរួមបញ្ចូលទាំងការបើកដំណើរការច្រកសមុទ្រ Hormuz ឡើងវិញផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Seyed Abbas Araghchi បានប្រាប់ទូរទស្សន៍រដ្ឋថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការលើកការបិទផ្លូវរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ផងដែរ ប៉ុន្តែការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងចាប់ផ្តើមនៅពេលក្រោយ។

– ទន្ទឹមនោះ មន្ត្រីអាមេរិក បានបញ្ជាក់ពីព័ត៌មានលម្អិតមួយចំនួននៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់ នឹងអាស្រ័យលើទីក្រុងតេអេរ៉ង់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។
– សង្គ្រាមនេះ បានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជំរុញឱ្យអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល និងរដ្ឋសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ក៏ដូចជាការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក។
– ទោះបីជាបានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីខែមេសាក៏ដោយ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបាញ់តបតគ្នាជាបន្តបន្ទាប់ រួមទាំងការវាយប្រហារសងសឹកគ្នា ២ លើក ក្នុងសប្តាហ៍នេះ។
– ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានលុបចោលការវាយប្រហារតាមកាលវិភាគប្រឆាំងនឹងអ៊ីរ៉ង់ ពីព្រោះអ្នកចរចាទើបតែធ្វើការដោះស្រាយដ៏អស្ចារ្យលើកិច្ចព្រមព្រៀងមួយដែលទំនងជាត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។
– ដោយឡែក យោងតាមនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ បានកត់សម្គាល់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានព្រមព្រៀងគ្នា និងរង់ចាំតែការបញ្ចប់ប៉ុណ្ណោះ។
– អ៊ីស្រាអែល មិនចូលរួមក្នុងការចរចាដែលនាំទៅដល់ការពង្រីកបទឈប់បាញ់ និងការចាប់ផ្តើមការចរចាលើបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះទេ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អ៊ីរ៉ង់ត្រូវបានចោទប្រកាន់ដោយបណ្តាប្រទេសលោកខាងលិចថាកំពុងព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែបានបដិសេធការចោទប្រកាន់ទាំងនោះ ដោយនិយាយថាកម្មវិធីរបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាព ដើម្បីបង្កើតអគ្គិសនី និងសម្រាប់គោលបំណងស្រាវជ្រាវ៕

