កីឡាះ- ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតការវាងកម្ពុជា និងហុងកុង លោក Roberto Losada គ្រូបង្វឹកក្រុមហុងកុង បានសម្ដែងក្ដីរីករាយ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា និងជួបប្រកួតជាមួយក្រុមគោព្រៃ នារាត្រីនេះ។ លោកបានចាត់ទុកនេះ គឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីដកពិសោធន៍កូនក្រុម ដែលទើបមានការរៀបចំថ្មី ជំនួសដោយកីឡាករវ័យក្មេងមួយចំនួន ក្រោយកីឡាករមានបទពិសោធន៍ខ្លះ មានវ័យជ្រេ និងខ្លះបានចូលនិវត្ដន៍ ពិសេសកីឡាករចូលសញ្ជាតិ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកថា «ក្រុមរបស់យើង កំពុងស្ថិតក្នុងបរិបទមួយ ដែលព្យាយាមរៀបចំក្រុមឡើងវិញ។ អ៊ីចឹងការប្រកួតជាមួយកម្ពុជានេះ គឺជាការប្រកួតមួយ ដើម្បីយកមកដកពិសោធន៍ទាក់ទងជាមួយកីឡាករថ្មី តាក់ទិចថ្មី ប៉ុន្ដែទោះបីជាការប្រកួតដើម្បីដកពិសោធន៍ ជាមួយអ្វីដែលថ្មីៗ ប៉ុន្ដែលទ្ធផល នៅតែជារឿងមួយសំខាន់សម្រាប់ពួកយើង ព្រោះវាជាការប្រកួតអន្ដរជាតិ។ តែយ៉ាងណាគោលដៅធំមួយនៃការប្រកួតនេះ គឺដើម្បីពង្រឹងក្រុមរបស់ពួកយើង»។
– ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង នឹងត្រូវជួបក្រុមជម្រើសកម្ពុជា ជាថ្មី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ នេះគឺជាលើកទី១២ ដែលក្រុមទាំង២ ត្រូវជួបគ្នា បើគិតចាប់ពីឆ្នាំ១៩៥៧ ដល់បច្ចុប្បន្ន ខណៈជួបគ្នា ១១លើក ទាំងក្នុងពានរង្វាន់អន្ដរជាតិ និងមិត្តភាពកន្លងមកកម្ពុជា ពុំធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយបានត្រឹមស្មើគ្នា ៣លើកប៉ុណ្ណោះ។ ដូច្នេះចាំមើលតើរាត្រីនេះ ក្រុមគោព្រៃកម្ពុជា អាចបំបែកកំណត់ត្រាមិនស្គាល់ឈ្នះហុងកុងជិត ៧០ឆ្នាំនេះបានដែលឬទេ?៕

