ខេត្តរតនគិរី÷ គុដិព្រះសង្ឃមួយខ្នង នៅក្នុងវត្តគង្គាសោភិត (ហៅវត្តស្រែពកធំ) ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង កាលពីវេលាម៉ោងប្រមាណ ១២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

— ព្រះតេជគុណ កង វិចិត្រ ព្រះចៅអធិការវត្តគង្គាសោភិត បានមានពុទ្ធដីកាឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ថា មូលហេតុនៃការឆាបឆេះនេះ សង្ស័យបណ្តាលមកពីទុសេខ្សែភ្លើង បង្កឲ្យមានអណ្តាតភ្លើងឆេះរាលដាលលេបត្របាក់គុដិឈើមួយខ្នង មានទំហំ ៧ម៉ែត្រ គុណនិង ៨ម៉ែត្រ ប្រក់ស័ង្កសី។សំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ ខណៈពេលកើតហេតុមានព្រះសង្ឃ ២អង្គ និងកូនសិស្ស ៣នាក់ ស្នាក់នៅក្នុងគុដិនោះ ប៉ុន្តែអាចរត់ចេញទាន់ពេលវេលា។
– ព្រះតេជគុណបន្តថា អគ្គីភ័យបានបំផ្លាញគុដិទាំងស្រុង ព្រមទាំងឆេះតួរគោយន្តមួយគ្រឿង និងធ្វើឲ្យក្បឿងរាប់រយសន្លឹកដែលទុកនៅក្រោមគុដិ បាក់បែកខូចខាតអស់ទាំងស្រុងផងដែរ។ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ លោកតា និងអាចារ្យក្នុងវត្ត បាននាំគ្នាជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ដោយប្រើធុងបាញ់ទឹក និងមធ្យោបាយផ្សេងៗ ដើម្បីទប់ស្កាត់កុំឲ្យភ្លើងរាលដាលទៅកាន់គុដិ និងសំណង់ផ្សេងទៀតនៅក្បែរនោះ។
– ព្រះតេជគុណបញ្ជាក់ថា គុដិដែលត្រូវអគ្គីភ័យឆាបឆេះនេះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ២០១២ មានអាយុកាលជាង ១០ឆ្នាំមកហើយ។ ការខូចខាតសរុបត្រូវបានប៉ាន់ប្រមាណថា មានតម្លៃជាង ៥,០០០ដុល្លារអាមេរិក៕
