តាកែវ៖ – ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការនាំចូលសាច់បង្កកគ្មានគុណភាពបានជាបន្តបន្ទាប់រួចយកទៅដុតកម្ទេចចោល ជាក់ស្តែងកម្លាំងចម្រុះនៃរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ចាប់បានរថយន្តចំនួន ០២គ្រឿង ដែលលួចដឹកជញ្ជូនសាច់បង្កកខុសច្បាប់សរុបជាង ៣តោន យកទៅដុតកម្ទេចចោលភ្លាមៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះនៅចំនុចស្ពានអង្គរបូរីវេលាម៉ោង៨ព្រឹក។ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានអោយដឹងថាលោកបានមានវិធានការយ៉ាងតឹងរឹងបំផុតចំពោះឈ្មួញដែលលួចនាំចូលសាច់បង្កកពីស្រុកយួនដល់សមត្ថកិច្ចគ្រប់ថ្នាក់គឺមិនត្រូវជាប់ពាក់ព័ន្ធជាដាច់ខាត។ លោកអភិបាលស្រុកបានបន្តទៀតថាបន្ទាប់ពីទទួលព៏ត៌មានថាឈ្មួញបាននាំចូលសាច់បង្កកដឹកតាមទូកពីក្រុងសំពៅពូនជ្រែធំមកលោកបានបញ្ជាកម្លាំងនគរបាលស្រុកដោយមានកិច្ចសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការិយាល័យគយនិងរដ្ឋាករបាក់ដៃ បានដេញស្ទាក់ និងឃាត់រថយន្តសង្ស័យចំនួន ០២គ្រឿងខាងលើ។ លោកកង អាណាន់ អភិបាលស្រុកអង្គរបូរីបានបញ្ជាក់ថាជាលទ្ធផល បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារចម្រុះបានរកឃើញសាច់បង្កកនាំចូលដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យត្រឹមត្រូវ សរុបចំនួន ៣៨៨កេស ដែលមានទម្ងន់ស្មើនឹង ៣.០៤២ គីឡូក្រាម។
– ក្រោយពីបានរកឃើញបទល្មើសជាក់ស្តែង និងដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំពី លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបាន សម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកអត់ច្បាប់ទាំងនោះ យកទៅដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសម្រាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីជៀសវាងការហូរចូលទៅក្នុងទីផ្សារ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។
– លោកកង អាណាន់ ប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាក់ទៀតថានឹងបន្តរឹតបន្តឹងយន្តការត្រួតពិនិត្យ និងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ ជាពិសេសគ្រឿងឧបភោគបរិភោគខូចគុណភាព ឬគ្មានប្រភពច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានជាដាច់ ខាត។ គួរំលឹកថាកាលពីថ្ងៃទី៧ ខែឧសភា ២០២៦កន្លងទៅនេះលោកបានបញ្ជាអោយសមត្ថកិច្ចចាប់ទូកដឹកសាច់បង្កក់ចូលមកពីស្រុកយួនតាមច្រកទ្វាទ្វេភាគីបាក់ដៃបានចំនួន៧០បាវ ស្មើនឹង៣៥០០គីឡូក្រាមរួចយកទៅដុតកម្ទេចចោល។តាកែវ


