មណ្ឌលគីរី ៖ – អង្គការ WWF-កម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពីដំណើរការ ពិគ្រោះយោបល់ និងទទួលបានការយល់ ព្រមពីភាគី ពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំ ដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើ វិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហម របស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះ នៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជា ត្រូវបានចាត់ទុកថា មានសារៈសំខាន់ ជាសកល សម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃចំនួន ក្រពើភ្នំដ៏ធំបំផុតមួយ ដែលនៅសេសសល់។
– ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជា ពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយ ដែលកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ»។
– លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការ ស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា»។
– លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេស នៃអង្គការ Fauna & Flora International (FFI) បានបន្ថែមថា “យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយ ផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុង ការអភិរក្សប្រភេទសត្វនេះ»៕
