អន្តរជាតិះ – ប្រភពពីប្រទេសប៉ាគីស្ថាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ក្នុងនាមជាអ្នកសម្របសម្រួលសន្តិភាព ប៉ាគីស្ថានបានបញ្ជូនសំណើដែលបានកែសម្រួលថ្មីរបស់អ៊ីរ៉ង់ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយបានព្រមានថា ភាគីទាំងពីរលែងមានពេលច្រើនទៀតទេ ក្នុងការបង្រួញគម្លាតនៃការខ្វែងគំនិតគ្នា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាកៃ (Esmaeil Baghaei) បានបញ្ជាក់ថា ជំហររបស់ទីក្រុងតេអេហេរ៉ង់ ត្រូវបានបញ្ជូនទៅភាគីអាមេរិកតាមរយៈប្រទេសប៉ាគីស្ថាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ បច្ចុប្បន្ន បទឈប់បាញ់ដ៏ផុយស្រួយកំពុងត្រូវបានអនុវត្ត ប៉ុន្តែកិច្ចចរចាកំពុងស្ថិតក្នុងភាពជាប់គាំង ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រៀបប្រដូចបទឈប់បាញ់នេះថា កំពុងស្ថិតក្នុងដំណាក់កាល «ដង្ហើមចង្រិត»។
– ប្រភពដដែលបានបង្ហើបថា មូលហេតុដែលការចរចាជួបការលំបាក គឺដោយសារភាគីទាំងសងខាងតែងតែ «ផ្លាស់ប្តូរគោលជំហរ និងការទាមទារ» របស់ខ្លួនជានិច្ច។ ទីក្រុងវ៉ាស៊ីនតោន ទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែរ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈទីក្រុងតេហេរ៉ង់ទាមទារសំណងសង្គ្រាម ការបញ្ចប់ការបិទខ្ទប់កំពង់ផែពីសំណាក់អាមេរិក ការធានាគ្មានការវាយប្រហារបន្ថែម និងការអនុញ្ញាតឱ្យលក់ប្រេងឡើងវិញ។ អ៊ីរ៉ង់ក៏បានទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិ រួមទាំងនៅប្រទេសលីបង់ផងដែរ។
– ទន្ទឹមនឹងនេះ លោក ត្រាំ បានព្រមានតាមរយៈបណ្តាញសង្គម Truth Social កាលពីចុងសប្តាហ៍ថា ពេលវេលារបស់អ៊ីរ៉ង់ជិតអស់ហើយ ហើយពួកគេត្រូវតែប្រញាប់ប្រញាល់ បើមិនចង់ឱ្យប្រទេសត្រូវបំផ្លាញរហូតគ្មានសល់។ យោងតាមសារព័ត៌មាន Axios លោក ត្រាំ គ្រោងនឹងជួបជាមួយទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីជម្រើសក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ។ ជាការឆ្លើយតប លោក បាកៃ បានអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ដោយព្រមានថានឹងមានការវាយបកយ៉ាងសមស្រប ប្រសិនបើសត្រូវហ៊ានធ្វើខុសសូម្បីតែបន្តិច៕
