និស្សិតកម្ពុជាបង្ហាញសមត្ថភាពលេចធ្លោប្រើប្រាស់បច្ចេកវិទ្យា AI គ្រប់គ្រងឧស្សាហកម្មកាត់ដេរ

ភ្នំពេញះ – អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិស្សិតកម្ពុជា ដែលបង្ហាញជំនាញលេចធ្លោរបស់ខ្លួនលើឆាកអន្តរជាតិ នោះគឺការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានៅក្នុងឧស្សាហកម្មកាត់ដេរ។ ខណៈពិភពលោកកំពុងព្រួយបារម្ភពីគំនិតឆ្នៃប្រឌិតរបស់បច្ចេកវិទ្យា AI ដែលវាយលុកស្ថាប័នការងារគ្រប់ទិសទី និងដណ្តើមទីផ្សាររបស់មនុស្ស។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ និស្សិតកម្ពុជាដែលមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ICT) បានបង្ហាញភាពច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei ដើម្បីគាំទ្រឧស្សាហកម្មកាត់ដេរតាមរយៈការរកឃើញកំហុសឆ្គងឆ្លាតវៃ និងដំណោះស្រាយត្រួតពិនិត្យគុណភាព នៅក្នុងការប្រកួត Huawei ICT APAC វគ្គផ្តាច់ព្រ័ត្រតំបន់ នៅទីស្នាក់ការកណ្តាលអាស៊ាន ក្រុងហ្សាការតា ក្នុងប្រទេសឥណ្ឌូនេស៊ី។

– កម្មវិធីនេះក្រោមមូលនិធិអាស៊ាន និងរៀបចំដោយក្រុមហ៊ុន Huawei មាននិស្សិតជាង ៨,៦០០នាក់មកពី ១៣ប្រទេស ចូលរួមប្រកួតប្រជែងផ្នែកផ្លូវពពក ផ្លូវបណ្តាញ ផ្លូវកុំព្យូទ័រ និងនវានុវត្តន៍ ក្រោមវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

– ការផ្តល់អាទិភាពដល់ទេពកោសល្យរបស់យុវជន គឺជាប្រភពនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងស្មារតីសហគ្រិនភាពនៅក្នុងតំបន់។ ដូចដែលបានគូសបញ្ជាក់នៅក្នុងផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០ ទេពកោសល្យឌីជីថលគឺជាចង្វាក់បេះដូងនៃចក្ខុវិស័យ។ នេះជាការលើកឡើងរបស់ឯកឧត្តម កៅ គឹមហួន។

– សមិទ្ធផលរបស់និស្សិតកម្ពុជា រួមមាន៖
និស្សិត AUPP បានទទួលពានរង្វាន់នវានុវត្តន៍ AI (ចំណាត់ថ្នាក់លេខ២) និងមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រសកលនៅទីក្រុង Shenzhen ប្រទេសចិន ក្នុងខែមិថុនានេះ, និស្សិត ITC បានពានរង្វាន់នវានុវត្តន៍ AI (ចំណាត់ថ្នាក់លេខ៣), និស្សិត AUPP បានពានរង្វាន់បណ្តាញ (ចំណាត់ថ្នាក់លេខ៣), និងនិស្សិត AUPP បានពានរង្វាន់ Cloud (ចំណាត់ថ្នាក់លេខ៣)។

– ការប្រកួតប្រជែងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រុមហ៊ុន Huawei គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់និស្សិត និងគ្រូបង្រៀនមកពីសាកលវិទ្យាល័យ ដើម្បីប្រកួតប្រជែង និងផ្លាស់ប្តូរ ឱ្យអ្នកចូលរួមពង្រឹងចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានរបស់ពួកគេ បង្កើនជំនាញជាក់ស្តែង និងលើកកម្ពស់ការច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យា និងវេទិកាចុងក្រោយបំផុត៕

You might like