អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បាននិយាយថា ជំហរអ៊ីរ៉ង់លើច្រកសមុទ្រ Hormuz ជាផ្លូវទឹកសំខាន់មួយដែលប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំនៃពិភពលោកឆ្លងកាត់ មិនបានបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិកទេ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Rubio បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ នឹងមិនអាចធ្វើឱ្យស្ថានភាពនៅច្រក Hormuz មានលក្ខណៈធម្មតាឡើងវិញបានទេ ហើយយើងក៏មិនអាចអត់ឱន ចំពោះការចង់បើកច្រកនេះធម្មតាឡើងវិញតាមតែចិត្តពួកគេដែរ ជាពិសេសការកំណត់ចំនួននាវាដែលត្រូវឆ្លងកាត់ និងនាវាដែលត្រូវបង់ប្រាក់ទើបឱ្យឆ្លងកាត់។
– យោងតាមសេតវិមាន បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយទីប្រឹក្សាសន្តិសុខកំពូលរបស់លោក កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីសំណើរបស់អ៊ីរ៉ង់ ដែលចង់បើកច្រក Hormuz ឡើងវិញ ខណៈដែលការចរចាកាន់តែទូលំទូលាយលើសង្គ្រាមនៅតែបន្ត។
– ទោះជាយ៉ាងណា គ្មានការបញ្ជាក់ណាមួយថាតើលោកប្រធានាធិបតី ត្រាំ ទទួលយកសំណើខាងលើរបស់អ៊ីរ៉ង់ ឬអត់នោះទេ។
– របាយការណ៍ពីសារព័ត៌មានអាមេរិក Axios រាយការណ៍ថា លោក ត្រាំ នឹងជួបជាមួយក្រុមសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាអំពីការផ្តល់ជូនរបស់អ៊ីរ៉ង់ ស្តីពីការបើកច្រកសមុទ្រឡើងវិញ និងការពន្យារពេលការចរចានុយក្លេអ៊ែរទៅដំណាក់កាលក្រោយ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ប្រហែលជាមិនសម្រេចបាននោះទេ ដោយសារតែអ៊ីរ៉ង់មិនបានបំពេញតាមបន្ទាត់ក្រហមរបស់ទីក្រុងវ៉ាស៊ីនតោន ចង់បាននោះទេ៕
