អន្តរជាតិះ- អ៊ីរ៉ង់ បានព្រមានថា ខ្លួននឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកនៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់ពីការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ថា នឹងវាយប្រហាររោងចក្រថាមពលក្រុងតេហេរ៉ង់ រហូតច្រកសមុទ្រ Hormuz បើកឡើងវិញទាំងស្រុង ក្នុងរយៈពេល ៤៨ ម៉ោង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ៊ីរ៉ង់ បានរក្សាផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ក្រោមការរឹតបន្តឹងចំពោះនាវាភាគច្រើន ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារលើកដំបូងប្រឆាំងនឹងប្រទេសនេះ។
សង្គ្រាមបានឈានចូលដល់សប្តាហ៍ទី ៤ នៅថ្ងៃចន្ទនេះ ដោយមិនមានភាគីណាមួយបង្ហាញសញ្ញានៃការថមថយភាពតានតឹង ខណៈតម្លៃប្រេង និងថាមពលសកលបន្តកើនឡើង។ លោក ត្រាំ បានច្រានចោលបទឈប់បាញ់ កាលពីចុងសប្តាហ៍មុន ដោយអះអាងថាសហរដ្ឋអាមេរិក ខិតជិតសម្រេចគោលដៅក្នុងការកាត់បន្ថយសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយ។
ដោយឡែក អ៊ីស្រាអែល ក៏ត្រៀមពង្រីកប្រតិបត្តិការលើដីប្រឆាំងនឹងក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបំផ្លាញស្ពានជាច្រើនឆ្លងកាត់ទន្លេលីតានី៕
