អន្តរជាតិះ- តាមការបញ្ជាក់ពីមន្ត្រីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ពេលនេះសហរដ្ឋអាមេរិក បានដកនាវាផ្ទុកយន្តហោះទំនើបបំផុតរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាសិនហើយ ដើម្បីយកទៅជួសជុលនៅមូលដ្ឋានក្នុងប្រទេសក្រិក ក្រោយត្រូវអគ្គិភ័យឆាបឆេះ ដែលគេសង្ស័យថាជាស្នាដៃវាយប្រហាររបស់អ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ដោយដកស្រង់សម្តីមន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះ សារព័ត៌មាន BBC ផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ថា នាវា USS Gerald R Ford ដែលបម្រើការជាមូលដ្ឋានទ័ពជើងទឹកក្នុងជម្លោះជាមួយអ៊ីរ៉ង់ ពេលនេះបានត្រឡប់ពីសមុទ្រក្រហម ឆ្ពោះទៅកាន់មូលដ្ឋានអាមេរិកនៅកោះ Crete សម្រាប់ការជួសជុលរយៈពេលមួយសប្តាហ៍ ក្រោយគ្រោះអគ្គិភ័យ បានផ្ទុះឡើងក្នុងបន្ទប់មួយ ហើយរីករាលដាលទៅកាន់កន្លែងផ្សេងទៀត បណ្ដាលឲ្យខូចខាតឧបករណ៍ និងសម្ភារៈជាច្រើន។

– ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យកងនាវាទី ៥ របស់សហរដ្ឋអាមេរិក បញ្ជាក់ថា នាវានៅតែអាចបន្តប្រតិបត្តិការបាន ហើយប្រព័ន្ធស្នូលៗដូចជា ម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ ក៏មិនរងផលប៉ះពាល់អ្វីដដែរ។
– USS Gerald R. Ford ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៧ គឺជានាវាផ្ទុកយន្តហោះចម្បាំងធំបំផុតលើលោក ដោយចំណាយថវិកាប្រហែល ១៣ ពាន់លានដុល្លារ ក្នុងការសាងសង់។
– វាមានប្រវែងស្មើនឹងតារាងបាល់ទាត់ចំនួន៣បូកបញ្ចូលគ្នា និងមានកម្ពស់ស្មើនឹងអគារ២៥ជាន់ ដោយអាចផ្ទុកនាវិកបានជាង ៤ ៥០០ នាក់ នៅក្នុងបន្ទប់ស្នាក់នៅផ្សេងៗគ្នា រហូតទទួលបានរហស្សនាមថា «បន្ទាយដែកលើផ្ទៃសមុទ្រ»។
– នាវានេះត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធទំនើបបំផុតរបស់កងទ័ពអាមេរិក តែយ៉ាងណា វាតែងតែជួបប្រទះនូវបញ្ហាបច្ចេកទេសញឹកញាប់ ជាពិសេសបញ្ហាប្រព័ន្ធបង្គន់អនាម័យតែម្តង ដែលកើតឡើងដដែលៗតាំងពីឆ្នាំ២០២៣មក។
– កាលពីខែមករាដើមឆ្នាំនេះ មានការទម្លាយរបាយការណ៍ថា ៧០% នៃបង្គន់អនាម័យសរុប៧៥០បង្គន់ ត្រូវស្ទះ ដែលបង្ខំឲ្យទាហានជើងទឹកត្រូវឈរតម្រង់ជួររង់ចាំរហូតដល់ ៤៥នាទី៕
