អន្តរជាតិះ- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអីរ៉ង់ បានចេញផ្សាយសេចក្តីព្រមានឱ្យជនស៊ីវិល និងបុគ្គលិកទាំងអស់ ចាកចេញជាបន្ទាន់ពីកន្លែងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម (UAE) និងកាតា ដោយអីរ៉ង់ប្រកាសថា នឹងបើកការវាយប្រហារ «ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ»។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការព្រមាននេះ បានកំណត់គោលដៅចំៗលើរោងចក្រចម្រាញ់ប្រេង Samref និងមជ្ឈមណ្ឌលគីមីឥន្ធនៈ Jubail ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, វាលឧស្ម័ន Al Hosn ក្នុងប្រទេស UAE និងទីតាំងមួយចំនួនទៀតនៅក្នុងប្រទេសកាតា។ សេចក្តីព្រមានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងទាំងនេះ បានក្លាយជាគោលដៅយោធាស្របច្បាប់រួចទៅហើយ។ ដូច្នេះ សូមឱ្យប្រជាពលរដ្ឋ អ្នកស្នាក់នៅ និងបុគ្គលិកទាំងអស់ ត្រូវចាកចេញពីតំបន់ទាំងនេះជាបន្ទាន់ ដោយគ្មានការពន្យារពេលឡើយ»។
– ការព្រមាននេះធ្វើឡើងភ្លាមៗ បន្ទាប់ពីឃ្លាំងស្តុកប្រេងសំខាន់ៗរបស់អីរ៉ង់ នៅតំបន់ South Pars និង Asaluyeh រងការវាយប្រហារតាមអាកាស។ យោងតាមគេហទំព័រព័ត៌មាន Axios ប្រតិបត្តិការវាយប្រហារកាលពីថ្ងៃពុធនេះ គឺត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងយោធាអីស្រាអែល និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនកម្រិតសង្គ្រាមកាន់តែខ្លាំងក្លា ខណៈជម្លោះរវាងភាគីទាំងបី បាននិងកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ា ឱ្យធ្លាក់ចូលក្នុងវិបត្តិសន្តិសុខ និងសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក៕ (Reters)
