អន្តរជាតិ៖- ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។
– ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។
– យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នឹងនៅតែបន្តដំណើរការជាធម្មតា។ ស្តុកប្រេងសាំងនិងម៉ាស៊ូតបម្រុងរបស់ស្រីលង្កា អាចប្រើប្រាស់បានជិត៦សប្តាហ៍ទៀត ប៉ុន្តែ បើមានផលរំខានណាមួយដល់ការផ្គត់ផ្គង់ថ្មីនោះ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ប្រទេសដែនកោះមួយនេះ។
– ព្រោះតែវិបត្តិធ្ងន់ធ្ងរ ស្រីលង្កា បានចាប់ផ្តើមការបែងចែកប្រេងឥន្ធនៈ ដោយកំណត់ឲ្យអ្នកបើកបរម្នាក់ៗចាក់សាំងឬម៉ាស៊ូត ត្រឹម១៥លីត្រប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានអនុញ្ញាតឲ្យចាក់បានរហូតដល់២០០លីត្រ។
– សូមជម្រាបថា ក្រៅពីស្រីលង្កា, ប្រទេសប៉ាគីស្ថាន ក៏កំពុងប្រឈមនឹងវិបត្តិថាមពលរ៉ាំរ៉ៃផងដែរ ដោយឥឡូវ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានពិភាក្សា និងចាប់ផ្តើមអនុវត្តនៅតាមខេត្តមួយចំនួននូវការ បិទផ្សារ និងអាជីវកម្មឲ្យបានលឿនជាងមុន (ប្រហែលម៉ោង ៨ យប់) និងអនុញ្ញាតឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះនៅថ្ងៃសុក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំងលើមធ្យោបាយធ្វើដំណើរ៕

