កីឡាះ- ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ហើយ ក្រោយបន្ដយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយនារាត្រីថ្ងៃព្រហស្បតិ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈសរុបទាំង ២ជើង ស្វាយរៀង បានយកឈ្នះក្រុមរួមជាតិនេះ ៦-២។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជំនួបកាត់សេចក្ដីនេះ ភ្នំពេញក្រោនបានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន ដូចកាលពីជើងទី១ ដែរ ដោយកីឡាករ Moses Dyer នៅនាទី៤៥+៣ ប៉ុន្ដែត្រូវបានព្រះខ័នរាជស្វាយរៀង វាយបកបាន ២គ្រាប់វិញ នៅដើមវគ្គទី២ ដោយកីឡាករ Takasi Odawara នៅនាទី៥១ និងនាទី៦០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
– សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៦-២ បន្ទាប់ពីជើងទី១ ពួកគេបានយកឈ្នះ ៤-១ កាលពីថ្ងៃទី០៥ ខែមីនាកន្លងទៅ ដែលនាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជានេះ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីខាងលើ ៕
