កីឡាះ- ក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៤-១ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ(ជើងទី១) នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ អាស៊ី AFC Challenge League 2025/26 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)កាលពីយប់មិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ៤គ្រាប់របស់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ទៀត ដោយកីឡាករ Peprah Kwame នៅនាទី២៩, នាទី៦៧ និងនាទី៨២ និង ១គ្រាប់ទៀត រកបានដោយកីឡាករ Patrick Robson នៅនាទី៧៥ ខណៈ ១គ្រាប់របស់ភ្នំពេញក្រោន កើតឡើងតាំងពីនាទីទី៣ ដោយកីឡាករ Moses Dyer។
– យ៉ាងណាមិញក្រោយចប់ការប្រកួតគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង លោក McConkey បានប្រាប់ទៅកូនក្រុមថាកុំសប្បាយរីករាយចំពោះជ័យជម្នះនេះខ្លាំងហួសហេតុពេកឲ្យសោះ ព្រោះនៅមានការប្រកួតជើងទី២ បន្តទៀត។ លោកចាត់ទុកថាការឈ្នះលើភ្នំពេញក្រោននេះគ្រាន់តែជាការឈ្នះនៅវគ្គ ៤៥នាទីដំបូង ឬវគ្គទី១ ប៉ុណ្ណោះទេ។

– លោកបន្តថាក្រុមទាំងមូលរីករាយចំពោះជ័យជម្នះមួយនេះ ប៉ុន្តែនៅតែខំប្រឹងផ្ដោតអារម្មណ៍លើការប្រកួតជើងទី២ បន្តទៀត ព្រោះបាល់ទាត់អ្វីៗក៏អាចកើកឡើងបានដែរ។ សម្រាប់ម្សិលមិញនេះបន្ទាប់ពីបញ្ចប់នៅវគ្គទី១ លោកក៏មិនមានអ្វីកែប្រែ ឬផ្លាស់ប្ដូរច្រើននោះទេគ្រាន់តែលើកពីកំហុសឆ្គងរបស់ក្រុមហើយព្យាយាមបំបាត់វាចោល និងផ្លាស់ប្ដូរទីតាំងរបស់កីឡាករមួយចំនួនប៉ុណ្ណោះក៏ទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតមួយនេះ។
– ក្រុមទាំងពីរ នឹងត្រូវជួបគ្នាជើងទី២ នាថ្ងៃទី១២ ខែមីនាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី៣ អាស៊ី ឆ្នាំ២០២៥/២៦ នេះ៕
