ភ្នំពេញះ – ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានដោយបានទាមទារឲ្យប្រទេសថៃដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទដែលកងទ័ពជើងទឹកថៃបានចាប់ខ្លួននិងរឹបអូសដោយខុសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា។
– សូមជម្រាបថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ កងទ័ពជើងទឹកថៃបានប្រើនាវាប្រដេញចូលមកក្នុងដែនសមុទ្រកម្ពុជាក្នុងខេត្តកោះកុង ហើយបានចាប់ខ្លួនប្រជានេសាទកម្ពុជាចំនួន៣នាក់ និងរឹបអូសនាវានេសាទមួយគ្រឿងផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។
– សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
– កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕


