អន្តរជាតិះ – ក្នុងអ្វីដែលគេមើលឃើញថាជាការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅប្រទេសរបស់អាមេរិកឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានបញ្ជាឲ្យដកទ័ពអាមេរិក ចេញពីប្រទេសស៊ីរីឲ្យអស់ត្រឹមរយៈពេល២ខែខាងមុខ។
– បច្ចុប្បន្នអាមេរិកនៅសល់ទ័ពជិត ១ ០០០នាក់ទៀតក្នុងប្រទេសស៊ីរី ដែលកងទ័ពទាំងនោះ គឺជាផ្នែកនៃបេសកកម្មយោធារយៈពេលជាង ១ ទសវត្សរ៍ ដើម្បីកម្ចាត់ក្រុម ISIS។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យ៉ាងណា បើតាមការផ្សាយរបស់ Fox News កាលពីថ្ងៃពុធទី១៨ខែកុម្ភៈដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, ពេលនេះលោកត្រាំ បានចេញបញ្ជាហើយ មិនឲ្យទុកកងទ័ពនៅទីនោះទៀតទេ។
– មុនចេញបញ្ជានេះ សហរដ្ឋអាមេរិក ក៏ឲ្យសញ្ញារួចហើយដែរ តាមរយៈការប្រគល់មូលដ្ឋានយុទ្ធសាស្ត្រ al-Tanf ឲ្យទៅកងទ័ពស៊ីរី ហើយទីក្រុងវ៉ាស៊ីនតោន ក៏ជួយផ្ទេរអ្នកទោស ISIS ប្រហែល ៥ ៧០០ នាក់ ពីមន្ទីរឃុំឃាំងនៅស៊ីរី ទៅឲ្យអាជ្ញាធរអ៊ីរ៉ាក់គ្រប់គ្រងវិញ ដើម្បីកាត់បន្ថយហានិភ័យនៃការងើបឡើងវិញនៃក្រុមនេះ។
– ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិកបញ្ជាក់ថា ការដកទ័ពពីស៊ីរី មិនមានការពាក់ព័ន្ធនឹងការបង្កើនកម្លាំងជើងទឹកនិងជើងអាកាសរបស់អាមេរិក ដើម្បីប្រឈមមុខជាមួយអ៊ីរ៉ង់ទេ ខណៈរដ្ឋបាលលោក ត្រាំ យល់ឃើញថា វត្តមានទ័ពទ្រង់ទ្រាយធំលែងចាំបាច់ទៀតហើយ ដោយសាររដ្ឋាភិបាលស៊ីរីថ្មី ដែលដឹកនាំដោយលោក Ahmed al-Sharaa យល់ព្រមប្រើធម៌ក្តៅបង្ក្រាបក្រុមភេរវករនៅក្នុងទឹកដីខ្លួន។
– សូមជម្រាបថា ក្នុងខែតុលាឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, អាមេរិក បានចាប់ផ្តើមប្រតិបត្តិការ Inherent Resolve ដើម្បីកម្ចាត់ក្រុម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីក្រុមនេះ វាយលុកកាន់កាប់ទឹកដីយ៉ាងធំធេង រួមទាំងទីក្រុង Mosul និង Raqqa ផងដែរ។
– ដ្បិតមិនប្រយុទ្ធដោយផ្ទាល់ ប៉ុន្តែកងទ័ពអាមេរិកចន្លោះ៩០០-២ ០០០នាក់ បានផ្តល់ការហ្វឹកហ្វឺននិងជួយកងទ័ពឃឺដ (SDF)។ Inherent Resolve គឺជាយុទ្ធនាការដ៏ជោគជ័យមួយក្នុងការបោសសម្អាតរដ្ឋកាលីហ្វាតរបស់ ISIS ប៉ុន្តែវាក៏បានទាញអាមេរិកឲ្យជាប់ផុងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាអស់រយៈពេលជាង ១២ ឆ្នាំផងដែរ៕

