អន្ត រជាតិះ- សម្ព័ន្ធមិត្ត៣ប្រទេសគឺរុស្ស៊ី ចិន អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅខ្លាំង។
– តាមការផ្សាយរបស់ RT កាលពីថ្ងៃពុធទី១៨ខែកុម្ភៈ, សមយុទ្ធ «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ២០២៦» បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ក្នុងច្រកសមុទ្រ Hormuz។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Nikolay Patrushev ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា នាវាចម្បាំងមកពីប្រទេសទាំងបី ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធនៅក្នុងលំហសមុទ្រក្បែរប្រទេសអ៊ីរ៉ង់។ សមយុទ្ធនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនៅលើមហាសមុទ្រ ឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាអនុត្តរភាពរបស់បក្សសម្ព័ន្ធខាងលិចដែលមានជាយូរមកហើយ។
– សមយុទ្ធនេះកើតឡើង បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំដាច់ដោយឡែកមួយទៀតឈ្មោះ «ការគ្រប់គ្រងឆ្លាតវៃនៃច្រកសមុទ្រ Hormuz» កាលពីដើមសប្តាហ៍។
– ដ្បិតសមយុទ្ធទាំងនេះផ្ដោតលើសុវត្ថិភាពផ្លូវទឹកក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាសញ្ញាភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយនៃសម្ព័ន្ធភាពត្រីភាគី ដើម្បីប្រឆាំងសម្ពាធនិងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសក្នុងគ្រាដែលនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះដែរ។
– កាលពីថ្ងៃចន្ទ មានការទម្លាយរូបភាពផ្កាយរណបជាលើកដំបូង បង្ហាញឲ្យឃើញនូវនាវានិងយន្តហោះចម្បាំងអាមេរិក ដែលដាក់ពង្រាយជិតប្រទេសអ៊ីរ៉ង់ ក្នុងអ្វីត្រូវគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងឈូងសមុទ្រពែក្ស។
– ជារូបភាពដែលគេមិនធ្លាប់ឃើញចាប់តាំងពីការដាក់ពង្រាយក្នុងខែមករាមក ឥឡូវ BBC បានបង្ហាញឲ្យឃើញច្បាស់ៗអំពីកងនាវា Abraham Lincoln ដឹកនាំក្រុមប្រយុទ្ធជាមួយនាវានាំផ្លូវមីស៊ីលចំនួន៣គ្រឿង ផ្ទុកយន្តហោះចម្បាំង៩០គ្រឿងក្នុងនោះមានទាំង F35 ផងដែរ និងយោធា ៥ ៦៨០នាក់។
– ក្នុងរូបភាពនោះទៀតសោតបានបង្ហាញថា កងនាវាទាំងនេះ គឺមានទីតាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ស្ថិតនៅចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។
– ការចល័តកម្លាំងនេះកើតឡើងចំពេលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងការព្រមានពីការវាយប្រហារសងសឹកផ្សេងៗ៕
