កាកាវ-ដំណាំសក្ដានុពលខ្ពស់នៅរតនគិរី ជំរុញសេដ្ឋកិច្ចគ្រួសារ និងបង្កើនតម្លៃទីផ្សារខ្ពស់ ផ្នែកកសិកម្មនៅកម្ពុជា

ខេត្តរតនគិរី÷ ដំណាំផ្លែកាកាវកំពុងក្លាយជាជម្រើសដ៏មានសក្ដានុពលមួយសម្រាប់ប្រជាកសិករនៅភូមិភាគឦសាន ខណៈតម្លៃទីផ្សារកំពុងមាននិរន្តរភាព និងតម្រូវការក្នុងស្រុក-ក្រៅស្រុកកើនឡើងជាបន្តបន្ទាប់។ ទោះបីចំនួនកសិករដាំកាកាវនៅមិនទូលំទូលាយក៏ដោយ កាកាវត្រូវបានមើលឃើញថា ជាដំណាំអាចបង្កើនប្រាក់ចំណូល និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

កសិករ អ៊ួន ឧត្តម រស់នៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ បានឲ្យដឹងថា លោកបានដាំកាកាវលើផ្ទៃដី ៤ ហិកតា និងទទួលផលបានរយៈពេល ២ ឆ្នាំមកហើយ។ បច្ចុប្បន្ន ផ្លែកាកាវស្រស់ត្រូវបានលក់ក្នុងតម្លៃចន្លោះពី ១,៣០០ រៀល ដល់ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈគ្រាប់កាកាវស្ងួតមានតម្លៃប្រមាណ ៥ ទៅ ៦ ដុល្លារ ក្នុងមួយគីឡូក្រាម អាស្រ័យលើគុណភាព និងតម្រូវការទីផ្សារ។

លោកបានបន្ថែមថា ការប្រមូលផលប្រចាំឆ្នាំអាចឈានដល់ជិត ២០ តោន ហើយមានកិច្ចសន្យាលក់ជាមួយក្រុមហ៊ុនក្នុងតម្លៃប្រមាណ ៣០០ ដុល្លារ ក្នុងមួយតោន (សម្រាប់ផ្លែកាកាវស្រស់)។ ការធ្វើកសិកម្មតាមកិច្ចសន្យា បានជួយធានាតម្លៃ និងទីផ្សារច្បាស់លាស់ កាត់បន្ថយហានិភ័យចំពោះការធ្លាក់ថ្លៃ និងបញ្ហាលក់មិនចេញ។

យោងតាមគម្រោងអភិវឌ្ឍន៍ដំណាំកាកាវដែលបានចាប់ផ្តើមពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន មានការដាំដុះសរុបប្រមាណ ៦ម៉ឺនដើម លើផ្ទៃដីប្រហែល ១០០ ហិកតា ក្នុងនោះភាគច្រើនកំពុងចូលរួមប្រមូលផល និងបន្តពង្រីកការដាំដុះជាមួយកសិករបន្ថែម ដើម្បីឆ្លើយតបទីផ្សារក្នុងស្រុក និងការនាំចេញ។

លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានបញ្ជាក់ថា បច្ចុប្បន្ន ផ្ទៃដីដាំដុះកាកាវមានចំនួន ១៨ ហិកតា ក្នុងនោះ ១៦ ហិកតាកំពុងប្រមូលផល ដោយទិន្នផលសរុបប្រមាណ ១៩២ តោន។

លោកលើកឡើងថា មន្ទីរកសិកម្មកំពុងជំរុញការផ្តល់បច្ចេកទេស ដំណាំគុណភាព និងការភ្ជាប់ទីផ្សារជាមួយដៃគូឯកជន ដើម្បីធានានិរន្តរភាពរយៈពេលវែង។

អ្នកជំនាញកសិកម្មមើលឃើញថា ដំណាំកាកាវអាចរួមចំណែកច្រើនដល់សង្គមជាតិ ដូចជា បង្កើតការងារ បង្កើនចំណូលគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក។

ជាពិសេស ប្រសិនបើមានការវិនិយោគលើការកែច្នៃក្នុងស្រុក នឹងអាចបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ម៉ាកផលិតផលកាកាវកម្ពុជាលើទីផ្សារអន្តរជាតិ។

ការអភិវឌ្ឍដំណាំកាកាវនៅខេត្តរតនគិរី មិនត្រឹមតែជាជម្រើសសេដ្ឋកិច្ចសម្រាប់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការធ្វើឲ្យវិស័យកសិកម្មមានភាពចម្រុះ និងប្រកបដោយចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍជាតិផងដែរ៕

 

You might like