អន្តរជាតិះ-ស្របពេលស្ថានការណ៍កំពុងតានតឹងខ្លាំង សហរដ្ឋអាមេរិកបានចេញការព្រមានឲ្យកប៉ាល់ពាណិជ្ជកម្មទាំងឡាយកុំចូលដែនទឹកអ៊ីរ៉ង់ឲ្យសោះ បើមិនចង់ប្រឈមមុខនឹងគ្រោះថ្នាក់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦, រដ្ឋបាលដែនសមុទ្រនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំដល់កប៉ាល់ពាណិជ្ជកម្មដែលដោតទង់ជាតិអាមេរិក ឲ្យចៀសវាងការចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្សនិងច្រកសមុទ្រហូមូស។ ការណែនាំនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយហានិភ័យនៃការចាប់និងឃាត់ឃាំងពីសំណាក់កងកម្លាំងអ៊ីរ៉ង់។
– ស្របពេលជាមួយគ្នានោះ រដ្ឋបាលដែនសមុទ្រ ប្រាប់ថា កប៉ាល់ដែលធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ Hormuz ត្រូវធ្វើដំណើរឲ្យកៀកនឹងដែនទឹករបស់ប្រទេស អូម៉ង់ តាមដែលអាចធ្វើទៅបាន។ កប៉ាល់ទាំងអស់ក៏ត្រូវបើកប្រព័ន្ធបញ្ជូនសញ្ញាអត្តសញ្ញាណស្វ័យប្រវត្តិ (AIS) ជានិច្ចផងដែរ ព្រោះអ៊ីរ៉ង់តែងតែយកលេសថា កប៉ាល់ដែលបិទប្រព័ន្ធនេះគឺជាកប៉ាល់ខុសច្បាប់ ដើម្បីធ្វើការឃាត់ឃាំង។
– មុនការព្រមាននេះ សហរដ្ឋអាមេរិកក៏បានចេញសេចក្តីណែនាំជាបន្ទាន់មួយរួចហើយដែរ ដោយបង្គាប់ឲ្យពលរដ្ឋខ្លួនទាំងអស់ដែលកំពុងមានវត្តមាននៅអ៊ីរ៉ង់ ត្រូវចាកចេញពីប្រទេសនេះជាបន្ទាន់។
– ស្ថានទូតនិម្មិតរបស់អាមេរិកប្រចាំអ៊ីរ៉ង់ បានព្រមានពលរដ្ឋខ្លួនឲ្យរៀបចំផែនការចាកចេញដោយខ្លួនឯង ដោយមិនត្រូវសង្ឃឹមលើជំនួយពីរដ្ឋាភិបាលឡើយ ខណៈចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល និងការរំខានដល់ប្រព័ន្ធអ៊ីនធឺណិតកំពុងបន្តកើតមានទូទាំងប្រទេស។
– នៅក្នុងសេចក្តីណែនាំដដែលនោះ អាមេរិកបានជំរុញឲ្យពលរដ្ឋខ្លួនពិចារណាចាកចេញតាមផ្លូវគោកទៅកាន់ប្រទេសអាមេនី ឬតួកគី ប្រសិនបើជើងហោះហើរត្រូវបានលុបចោល ហើយត្រូវត្រៀមស្បៀងអាហារ ទឹក និងថ្នាំសង្កូវឲ្យបានគ្រប់គ្រាន់ក្នុងករណីមិនអាចចាកចេញបាន។
– ការប្រកាសអាសន្ននោះទៀតសោត កើតឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ពង្រាយកងនាវាចម្បាំងដ៏ធំមួយដែលមានឈ្មោះថា «Armada» ទៅកាន់តំបន់ឈូងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏សាហាវរបស់អ៊ីរ៉ង់លើក្រុមបាតុករកាលពីចុងឆ្នាំ២០២៥៕
