អន្តរជាតិះ- លោក Mark Rutte ប្រធានប្លុកយោធា(NATO) ដឹកនាំដោយសហរដ្ឋអាមេរិកបានថ្លែងអះអាងជសថ្មីថា ប្រទេសណាតូនឹងដាក់ពង្រាយកងទ័ពនៅអ៊ុយក្រែននៅពេលដែលជម្លោះជាមួយរុស្ស៊ីបញ្ចប់។ ប៉ុន្តែទីក្រុងមូស្គូបានអះអាងជាថ្មីដែរថា ការដាក់ពង្រាយកងទ័ពលោកខាងលិចនៅអ៊ុយក្រែននឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវបានបន្តជំរុញឱ្យបញ្ជូនទាហានជាទម្រង់នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

– អគ្គលេខាធិការណាតូបានរំលេចនៅក្នុងសុន្ទរកថាមួយនៅក្នុងសភាអ៊ុយក្រែនកាលពីថ្ងៃអង្គារម្សិលមិញថា សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនបានប្រកាសរួចហើយថា ពួកគេនឹងដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច រួមមានទាំងកងទ័ពនៅលើដី យន្តហោះនៅលើអាកាស កប៉ាល់នៅលើសមុទ្រខ្មៅ ខណដែលសហរដ្ឋអាមេរិកនឹងក្លាយជាខ្នងបង្អែក៏រឹងមាំ។
– លោកបន្តថា ប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកក៏បាន និងកំពុងជួយ បំពាក់ និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបញ្ជូនសម្ភារៈយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិករាប់ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែនផងដែរ។
– ប៉ុន្តែរុស្ស៊ីបានព្រមានជាយូរមកហើយថា ខ្លួននឹងចាត់ទុកទាហានណាតូណាមួយដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែនថាជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ការដាក់ពង្រាយអង្គភាពយោធាលោកខាងលិច សម្ភារៈ ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅអ៊ុយក្រែនគឺមិនអាចទទួលយកបានសម្រាប់យើងទេ ហើយនឹងត្រូវបានចាត់ទុកថា ជាអន្តរាគមន៍ពីបរទេសដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់រុស្ស៊ី។
– លោកថា ទីក្រុងមូស្គូបានមើលឃើញជាយូរមកហើយថាជម្លោះនេះជាសង្គ្រាមតំណាងរបស់ណាតូប្រឆាំងនឹងរុស្ស៊ី ដែលត្រូវបានអនុវត្តដោយប្រើសម្ភារៈលោកខាងលិច និងកម្លាំងពលកម្មអ៊ុយក្រែន។ មហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកក៏ដូចជាការពង្រីកណាតូឆ្ពោះទៅព្រំដែនរុស្ស៊ីគឺជាមូលហេតុជាមូលដ្ឋានមួយចំនួននៃជម្លោះបច្ចុប្បន្ន នេះបើយោងតាមទីក្រុងមូស្គូ។
– គោលបំណងសន្តិភាពដ៏សំខាន់របស់រុស្ស៊ី គឺទីក្រុងគៀវត្រូវស្ថិតក្នុងភាពអព្យាក្រឹតភាព និងបោះបង់ចោលមហិច្ឆតាចូលជាសមាជិកណាតូ ដែលជាគោលដៅមួយដែលទីក្រុងមូស្គូបញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តអនុវត្តកម្លាំងយោធា ក្នុងករណីដែលអ៊ុយក្រែនបដិសេធមិនព្រមសម្របសម្រួលតាមគោលបំណងរបស់រុស្ស៊ី៕

