អន្តរជាតិះ- ភាពតានតឹងនៅមជ្ឈិមបូព៌ាមិនធូរស្រាលសោះឡើយពីមួយថ្ងៃទៅមួយថ្ងៃខណៈសហរដ្ឋអាមេរិកក៏កំពុងបង្ហាញសាច់ដុំយោធានៅឈូងសមុទ្រពែរ្ស ខណៈឥឡូវ អ៊ីរ៉ង់ បានចេញការព្រមានជាថ្មីថា បើលោក ដូណាល់ ត្រាំ ហ៊ានបើកការវាយប្រហារលើខ្លួនមែន នោះសង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាមៗតែម្តង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ BBC ដែលដកស្រង់សម្តីមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei, លោកបានព្រមាននៅថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ថា៖ «អាមេរិកគួរតែដឹងហើយ បើពួកគេចាប់ផ្តើមសង្គ្រាមនោះ ពេលនេះនឹងក្លាយជាសង្គ្រាមក្នុងតំបន់តែម្តង»។

– លោក Khamenei បន្តថា៖ «លោក ត្រាំ តែងនិយាយថា លោកនាំយកនាវាចម្បាំងមក តែទោះយ៉ាងណា ប្រជាជាតិអ៊ីរ៉ង់នឹងមិនមានការភ័យខ្លាចចំពោះរឿងទាំងនេះឡើយ»។
– ការព្រមាននេះកើតឡើង បន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិក ក៏ចេញការព្រមានកម្រិតខ្ពស់ទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ កាលពីថ្ងៃសៅរ៍ទី៣១ខែមករាឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនចំពោះ «អាកប្បកិរិយាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ» ឡើយ ខណៈកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតតាមជើងទឹកដែលមានរយៈពេលពីរថ្ងៃ នៅក្នុងច្រកសមុទ្រ Hormuz។
– យោងតាម Fox News, បញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) បានសង្កត់ធ្ងន់ថា ដ្បិតអ៊ីរ៉ង់មានសិទ្ធិធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិក៏ដោយ ប៉ុន្តែរាល់សកម្មភាពញុះញង់ រួមមានការប្រើប្រាស់ទូកល្បឿនលឿនចូលកៀក ការតម្រង់អាវុធមករកទ្រព្យសម្បត្តិរបស់អាមេរិក ឬការហោះហើរក្នុងកម្រិតទាបដោយគ្មានការអនុញ្ញាតផងនោះ នឹងត្រូវឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអាមេរិក និងការដឹកជញ្ជូនពាណិជ្ជកម្ម។
– សមយុទ្ធរបស់ IRGC ក៏កើតឡើងផងដែរចំពេលតំបន់ទាំងមូលកំពុងមានភាពមិនប្រាកដប្រជាខ្លាំង។ កាលពីពេលថ្មីៗនេះ លោកត្រាំបានប្រកាសថា «កងនាវាដ៏ធំសម្បើម» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់មជ្ឈិមបូព៌ាដើម្បីពង្រឹងសមត្ថភាពរារាំងរបស់អាមេរិក៕

