អន្តរជាតិះ- ៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្តិសុខប្រហែល ៥០០នាក់ បានស្លាប់នៅក្នុងបាតុកម្មទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ស្ថាប័នតុលាការបានបង្ហើបថា ក្រុមបាតុករខ្លះអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។
សូមជម្រាបថា បាតុកម្មដែលផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ គឺជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអន្តរាគមន៍ ហើយបានប្រាប់សារព័ត៌មាន Politico ថា «វាដល់ពេលដែលត្រូវស្វែងរកមេដឹកនាំថ្មីនៅអ៊ីរ៉ង់ហើយ»។
មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី បានទទួលស្គាល់ថាមាន «មនុស្សស្លាប់រាប់ពាន់នាក់» ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំអំពើហិង្សានេះ។ ក្រុមសិទ្ធិមនុស្ស HRANA បានប៉ាន់ប្រមាណថាមានអ្នកស្លាប់ជាង ៣,៣០០នាក់ និងមានការចាប់ខ្លួនជាង ២៤,០០០នាក់៕
