អន្តរជាតិះ- រថភ្លើង ២ គ្រឿងដែលដឹកអ្នកទេសចរទៅ-មកពីតំបន់បុរាណវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសប៉េរូ គឺ Machu Picchu បានបុកគ្នា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សម្នាក់ និងអ្នកដំណើរប្រហែល ៣០ នាក់ រងរបួស។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមលោក Jhonathan Castillo Gonzalez ប្រធានក្រុមនៃនាយកដ្ឋានប៉ូលីស Cuzco បានឲ្យដឹងថា អ្នកស្លាប់ម្នាក់នោះគឺជាកម្មករផ្លូវដែក។ ខណៈផ្លូវរថភ្លើងដែលតភ្ជាប់តំបន់ Machu Picchu ជាមួយទីក្រុង Cuzco ដែលនៅក្បែរនោះ ត្រូវបានផ្អាក បន្ទាប់ពីគ្រោះថ្នាក់។
– ក្រុមហ៊ុនដែលដំណើរការផ្លូវដែក អះអាងថា រថភ្លើងមួយគ្រឿងដែលមកពី Machu Picchu បានបុកជាមួយរថភ្លើងមួយគ្រឿងដែលធ្វើដំណើរទៅកាន់ទីនោះ នៅជិតតំបន់ Qoriwayrachina ដែលជាតំបន់បុរាណវិទ្យាផងដែរ។
– Machu Pichu ទទួលបានភ្ញៀវទេសចរប្រហែល ១.៥ លាននាក់ក្នុងមួយឆ្នាំ ដែលភាគច្រើនធ្វើដំណើរតាមរថភ្លើង។ ទីតាំងនេះត្រូវបានគេស្គាល់ដោយសារឥដ្ឋថ្មដ៏ល្អឥតខ្ចោះ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ១៥ ដោយពួកអ៊ីនកា និងបានបម្រើជាទីសក្ការៈសម្រាប់អធិរាជរបស់ប្រទេស។
– ចំនួនមនុស្សដែលមកទស្សនា បានកើនឡើងប្រហែល ២៥ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែវិស័យទេសចរណ៍នៅក្នុងតំបន់នេះក៏រងផលប៉ះពាល់ដោយភាពចលាចលនយោបាយ និងជម្លោះអំពីរបៀបដែលទីតាំងនេះត្រូវបានគ្រប់គ្រងផងដែរ ដោយពេលខ្លះក្រុមអ្នកតវ៉ា បិទផ្លូវរថភ្លើង៕
