កីឡាះ- ក្លិបបាល់ទាត់ ភ្នំពេញក្រោន ត្រូវបានគេមើលឃើញអំពីសក្តានុពល ក្នុងការប្រកួតប្រជែងលីគកំពូល កម្ពុជា (Cambodian Premier League) នៅជុំទី ២ និងពានរង្វាន់ក្លិបអាស៊ីកម្រិតទី ៣ AFC Challenge League កាន់តែខ្លាំង បន្ទាប់ពីពួកគេយកបានខ្សែប្រយុទ្ធជនជាតិ កូឡុំប៉ី សញ្ជាតិ ខ្មែរ Andres Nieto ត្រឡប់មកវិញ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– កាលពីល្ងាចថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥ ភ្នំពេញក្រោន បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពួកគេប្រកាសអំពីការត្រឡប់មកកាន់ក្លិបរហស្សនាមសិង្ហក្រហមវិញនូវអតីតខ្សែប្រយុទ្ធរបស់ខ្លួន។ Nieto ត្រឡប់មកកាន់ ភ្នំពេញក្រោន វិញ បន្ទាប់ពីរូបគេចែកផ្លូវគ្នាជាមួយក្លិប ឥណ្ឌូណេស៊ី Bhayangkara FC ក្រោយលេងនៅទីនោះបានកន្លះរដូវកាល។
– ភ្នំពេញក្រោន បច្ចុប្បន្នមានខ្សែប្រយុទ្ធល្អៗច្រើន ទាំងកីឡាករខ្មែរ និងបរទេស ដូចជា សារ ទី, Maksym Pryadun, Moses Dyer, Makerlo Tellez និងកីឡាករវ័យក្មេង យ៉ែម ដេវីត ជាដើម។ ឥឡូវនេះ ពួកគេបានបន្ថែម Nieto ដែលជាកីឡាករពូកែក្រឡុកម្នាក់ទៀត នោះ ភ្នំពេញក្រោន នឹងកាន់តែមានភាពរស់រវើកខ្លាំងនៅតំបន់ប្រយុទ្ធ។ តាំងពីដើមរដូវកាលមក ពួកគេរឹងមាំខ្លាំងនៅតំបន់ការពារ ហេតុដូច្នេះហើយបានជាមិនទាន់ស្គាល់បរាជ័យឡើយក្នុងរដូវកាលនេះ។
– ចំពោះវត្តមានរបស់ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ ក៏ធ្វើឱ្យ ភ្នំពេញក្រោន ទទួលបានផលចំណេញផងដែរ ពីការប្រើប្រាស់កីឡាករនៅលើទីលាន។ Nieto នឹងត្រូវលេងជាកីឡាករសញ្ជាតិ ខ្មែរ។ ដូច្នេះការប្រកួតលីគ ភ្នំពេញក្រោន នៅតែអាចដាក់កីឡាករបរទេសបាន ៥ នាក់នៅលើទីលាន ហើយផលចំណេញ គឺពួកគេមាន Nieto អាចលេងនៅលើទីលានម្នាក់ទៀត ក្នុងនាមជាកីឡាករបរទេសសញ្ជាតិខ្មែរ។
– ក្រៅតែអំពីផលចំណេញ ក្នុងការប្រកួតលីគ ភ្នំពេញក្រោន ក៏នឹងទទួលបានផលចំណេញមួយទៀតដែរ សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ AFC Challenge League។ ការមកដល់របស់ Nieto ត្រូវបានអ្នកគាំទ្ររំពឹង ថា នឹងធ្វើឱ្យ ភ្នំពេញក្រោន ត្រៀមខ្លួនបានកាន់តែល្អ មុនជំនួបវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមរួមលីគ ព្រះខ័នរាជស្វាយរៀង ដែលធ្វើឡើង ២ ជើងនៅថ្ងៃទី ៥ និងទី ១២ ខែ មីនា ឆ្នាំ ២០២៦៕
