អន្តរជាតិះ- ប្រទេសចិនបានបញ្ជូនយន្តហោះចំនួន២គ្រឿង ទៅដឹកពលរដ្ឋខ្លួនប្រមាណ១០០នាក់ ចេញពីតំបន់ Shwe Kokko ក្រោយកងទ័ពមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ កម្ទេចអគារ Scammer នៅជាប់ព្រំដែនថៃ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ, យន្តហោះចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mae Sot ក្នុងខេត្ត Tak កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ ដោយយន្តហោះមួយគ្រឿង ត្រូវដឹកជនជាតិចិនចំនួន៥០នាក់។
– ជនជាតិចិនទាំងនេះ គឺជាអ្នកដែលរត់ចេញពីអគារ Scammer ពេលមីយ៉ាន់ម៉ា បើកប្រតិបត្តិការកម្ទេច ហើយពួកគេត្រូវបានអាជ្ញាធរនិងកងទ័ពឆ្មាំជាតិការ៉ែន (BGF) ចាប់ខ្លួនបាននៅតំបន់សេដ្ឋកិច្ចពិសេស KK Park។
– កាលពីចុងសប្តាហ៍ កងទ័ពរដ្ឋាភិបាលបានទម្លាក់គ្រាប់បែក កម្ទេចអគាររបស់ក្រុមឧក្រិដ្ឋជនអនឡាញចំនួន១៧អគារបន្ថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស KK Park។
– ក្នុងប្រតិបត្តិការនោះផងដែរ កងទ័ពបានចាប់ខ្លួនជនបរទេសចំនួន៥១៦នាក់ ដែលមានជនជាតិចិនច្រើនជាងគេ ពោលគឺ២២៥នាក់ បន្ទាប់មកគឺ វៀតណាម៨៣នាក់, ហ្វីលីពីន៧៧នាក់, កេនយ៉ា៣៩នាក់, អ៊ូហ្គង់ដា២០នាក់, នេប៉ាល់១៧នាក់, ឥណ្ឌូណេស៊ី១២នាក់, អេត្យូពី១១នាក់, ថៃ១០នាក់, ម៉ាឡេស៊ី៩នាក់, ឥណ្ឌា៤នាក់, សេរ៉ាឡេអូន៣នាក់, តៃវ៉ាន់២នាក់, ហ្គីណេអេក្វាទ័រ២នាក់, ម៉ាដាហ្គាស្កាម្នាក់ និងតូហ្គោម្នាក់។
– ក្រៅពីកម្ទេចអគារនិងចាប់ខ្លួនជនបរទេសហើយនោះ កងទ័ពក៏បានចូលឆែកឆេរអគារ ហើយរឹបអូសសម្ភារៈនិងគ្រឿងអេឡិចត្រូនិច រួចដុតបំផ្លាញចោលផងដែរ៕
