អន្តរជាតិះ- ការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសដោយអ៊ីស្រាអែល គំរាមកំហែងដល់លទ្ធភាពនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគណៈប្រតិភូហាម៉ាស កាលពីថ្ងៃអាទិត្យទី១៤ខែធ្នូឆ្នាំ២០២៥ ដោយអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដាក់សម្ពាធលើអ៊ីស្រាអែលឲ្យគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បើតាមរ៉យទ័រ អ្នកគាំទ្រក្រុមហាម៉ាសរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងហ្គាហ្សា ដើម្បីចូលរួមក្នុងពិធីបុណ្យសពលោក Raed Saed ដែលជាមេបញ្ជាការជាន់ខ្ពស់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ រួមជាមួយគ្នីគ្នាបីនាក់ទៀត ដែលនេះគឺជាការប្រមូលផ្ដុំជាសាធារណៈដ៏ធំបំផុតមួយរបស់ក្រុមនេះ ចាប់តាំងពីបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីខែតុលា។
– នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ អ្នកចរចារបស់ហាម៉ាស លោក Khalil al-Hayya បានបញ្ជាក់ពីមរណភាពរបស់លោក Saed ដោយពណ៌នាថាជាការសម្លាប់មេដឹកនាំហាម៉ាសជាន់ខ្ពស់បំផុតចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។
– លោក Hayya បានរៀបរាប់ថា «ការបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការធ្វើឃាតចុងក្រោយនេះ គំរាមកំហែងដល់លទ្ធភាពនៃកិច្ចព្រមព្រៀង» ដោយជំរុញឲ្យអ្នកសម្របសម្រួល «ជាពិសេសអ្នកធានាចម្បង គឺរដ្ឋបាលអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ» ត្រូវបង្ខំឲ្យអ៊ីស្រាអែលប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង។
– ហាម៉ាសក្រោយមកបានអះអាងថា ខ្លួនបានតែងតាំងអ្នកជំនួសលោក Saed រួចរាល់ហើយ និងបានបញ្ជាក់ថា ការសម្លាប់នេះនឹងមិនរារាំងដល់យុទ្ធនាការរបស់ពួកគេឡើយ។
– អ៊ីស្រាអែលបានឲ្យដឹងថា លោក Saed គឺជាអ្នករួមគំនិតដ៏សំខាន់នៃការវាយប្រហារនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបង្កឲ្យមានសង្គ្រាមផ្ទុះឡើង។
– សូមជម្រាបថា អ៊ីស្រាអែលនៅតែបន្តទាមទារឲ្យក្រុមហាម៉ាសរំសាយអាវុធ និងត្រូវដកចេញពីការគ្រប់គ្រងនាពេលអនាគតនៅហ្គាហ្សា ខណៈក្រុមហាម៉ាសបដិសេធការរំសាយអាវុធ និងទទូចឲ្យមានការដកទ័ពអ៊ីស្រាអែលទាំងស្រុង៕

