អានុទីន ប្រកាសថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខមនុស្សស្លាប់ដោយទឹកជំនន់នៅ Hat Yai

អន្តរជាតិះ- ស្របពេលមានការជជែកវែកញែកបែកផ្សែងរឿងចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្រុង Hat Yai ខេត្ត Songkhla និង ដល់ថ្នាក់ចោទរដ្ឋាភិបាលទីក្រុងបាងកក ថា លាក់បាំងតួលេខពិតទៀតនោះ ស្រាប់តែនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល និយាយថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខនេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ថ្លែងនៅឯវិមានរដ្ឋាភិបាល លោកអានុទីន លើកឡើងថា៖ «មនុស្សគ្រប់រូបសុទ្ធតែមានក្រុមគ្រួសារ ហើយគ្មានហេតុផលអ្វីត្រូវលាក់បាំងតួលេខនោះទេ។ អ្នកស្លាប់ទាំងអស់ សុទ្ធតែមានសាច់ញាតិនិងក្រុមគ្រួសារ។ បើមានអ្នកណាម្នាក់បាត់ខ្លួនដោយគ្មានដំណឹង នោះគ្មានហេតុផលអ្វីត្រូវលាក់បាំងពួកគេឡើយ ហើយក៏គ្មានភាពចាំបាច់ដើម្បីលាក់ព័ត៌មានពីសាធារណជនដែរ។ នេះគឺជាគ្រោះមហន្តរាយធម្មជាតិ អ្វីៗត្រូវតែបង្ហាញឲ្យដឹង»។

– ទាក់ទងរបាយការណ៍ដែលថាមានមនុស្សជាង ១ ០០០នាក់ស្លាប់ ដោយសារទឹកជំនន់, នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ជាថ្មី លោកជឿទុកចិត្តតែលើវេជ្ជបណ្ឌិត ក្រសួងសុខាភិបាល វិទ្យាស្ថានកោសល្យវិច្ច័យ និងភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះ។

– សម្តីរបស់លោកអានុទីន កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីក្រសួងសុខាភិបាលសាធារណៈថៃ ចេញរបាយការណ៍ថា តួលេខមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូង បានកើនដល់១៨០នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥។

– ខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គ្រាន់តែទីនោះមានមនុស្សស្លាប់រហូតដល់១៤២នាក់ទៅហើយ។ ចំពោះមនុស្សស្លាប់ផ្សេងទៀតមានដូចជានៅខេត្ត Nakhon Si Thammarat ១០នាក់, Pattani ៩នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់, Trang ៣នាក់ និង Satun ៣នាក់៕

 

 

You might like