ក្រសួងមហាផ្ទៃសម្រេចឱ្យអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ គួរឱ្យព្រួយបារម្ភ

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចដាក់ឱ្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឡើងវិញហើយ បន្ទាប់​ពី​សង្កេត​ឃើញ​គ្រោះ​ថ្នាក់ចរាចរណ៍បន្តកើតមានគួរឱ្យព្រួយបារម្ភ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ ទី២៤ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកបានឱ្យដឹងថា មនុស្សចំនួន៤៤នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ១២០​នាក់ នៅក្នុង​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ផ្លូ​វគោ​ក​នៅ​ទូទាំ​ង​ប្រ​ទេស ចំនួន៦៩ករណី ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ។

– លោកបានបញ្ជាក់ថា៖«ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានដាក់ឱ្យអនុវត្តឡើងវិញហើយ ក្រោយ​ពី​ត្រូវ​បានផ្អាកសកម្មភាពមួយរយៈ។ បច្ចុប្បន្ន នៅតាមគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា មន្ត្រី​នគរ​បាល​ចរាចរណ៍​បាននិងកំពុងអនុវត្តវិធានការច្បាប់នេះ ជាបណ្តើរៗផងដែរ»។

– ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ស្របតាមស្មារតីនៃគោលការណ៍ណែនាំរបស់ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

– ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងមក ក្រោយពេល​ដែលកម្ពុជាមានជម្លោះព្រំដែនជាមួយនឹងភាគីថៃ។

– លោកសុឃៈ បានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និង​រ​ងបួ​ស​ជាច្រើន​នាក់​ក្នុ​ងរយៈពេល៧ថ្ងៃមុននេះ គឺមាននៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ កំពង់​ចាម និង​ខេត្តព្រៃវែង។

– ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១៧វិច្ឆិកា មាន៨ករណី ស្លាប់៥នាក់ របួស៩នាក់, ថ្ងៃទី១៨ មាន​៧ករណី ស្លាប់១នាក់ របួស៩នាក់, ថ្ងៃទី១៩ មាន១៤ករណី ស្លាប់៥នាក់ របួស២៥នាក់, ថ្ងៃទី២០ មាន១៤ករណី ស្លាប់១៩នាក់ របួស៤២នាក់, ថ្ងៃទី២១ មាន៩ករណី ស្លាប់៧នាក់ របួស១៤នាក់, ថ្ងៃទី២២ មាន៧ករណី ស្លាប់២នាក់ របួស១០នាក់ និងថ្ងៃទី២៣ វិច្ឆិកា មាន១០ករណី ស្លាប់៥នាក់ របួស១១នាក់។

ខណៈគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងឥតស្រាកស្រាន្ត អ្នកនាំពាក្យរងរូបនេះ បន្តក្រើនរំលឹក និង​ទទូច​អំពាវ​នាវ​ទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និង​មាន​ស្មារ​តី​បង្កើន​ការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ មិនថានៅលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ឫផ្លូវតាមសហគមន៍ភូមិ ឃុំ ក៏​ដោយ ក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច គឺដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ។

– គ្រោះថ្នាក់កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកាបង្កឱ្យមានមនុស្សស្លាប់ច្រើនជាង គេ គឺរហូតដល់ទៅ១៩នាក់នៅទូ​ទាំ​ងប្រ​ទេ​ស​។ ក្នុងនោះ ១៣នាក់ត្រូវបានរកឃើញស្លាប់នៅកន្លែងកើតុហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ ដែល​បង្ក​ឡើងដោយ​ ក្រុម​ហ៊ុន Virak Rithy Transport បន្ទាប់ពីអ្នកបើកបរងងុយដេក ហើយឡានធ្លាក់ចូលស្ពានអូរប្រសាទ៕

 

You might like