អន្តរជាតិះ- ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការធ្វើទស្សនកិច្ចប្រទេសចិន នៅខែមេសាឆ្នាំ២០២៦ តាមការអញ្ជើញរបស់សមភាគី ស៊ី ជីនពីង។ នេះបើតាមការផ្សាយរបស់ South China Morning Post។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ប្រមុខសេតវិមានបានសរសេរថា៖ «ខ្ញុំទើបមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង នៃប្រទេសចិន។ យើងបានពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ អ៊ុយក្រែន/រុស្ស៊ី, Fentanyl, សណ្តែកសៀង និង ផលិតផលកសិកម្មដទៃទៀត។ យើងបានសម្រេចកិច្ចព្រមព្រៀងដ៏ល្អ និង សំខាន់បំផុតសម្រាប់កសិករដ៏អស្ចារ្យរបស់យើង ហើយវានឹងកាន់តែប្រសើរឡើងថែមទៀត។ ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនគឺ រឹងមាំខ្លាំងណាស់!»។

– លោកត្រាំបន្តថា៖ «ការហៅទូរសព្ទនេះ គឺកើតឡើងក្រោយកិច្ចប្រជុំប្រកបដោយជោគជ័យខ្ពស់របស់យើងនៅប្រទេសកូរ៉េខាងត្បូង កាលពីបីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក មាន វឌ្ឍនភាពគួរឲ្យកត់សម្គាល់លើភាគីទាំងពីរ ក្នុងការរក្សាកិច្ចព្រមព្រៀងរបស់យើងឲ្យទាន់សភាពការណ៍និងត្រឹមត្រូវ។ ឥឡូវ យើងអាចកំណត់គោលដៅរបស់យើងលើទិដ្ឋភាពរួមធំជាងនេះ។ ដើម្បីឈានដល់ចំណុចនោះ ប្រធានាធិបតី ស៊ី ជិនពីង បានអញ្ជើញខ្ញុំឲ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ដែលខ្ញុំបានទទួលយក ហើយខ្ញុំក៏បានតបស្នងវិញដែរ ដោយលោកនឹងមកបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋ នៅសហរដ្ឋអាមេរិកវិញម្តង ក្នុងនាមជាភ្ញៀវរបស់ខ្ញុំ នៅពេលក្រោយក្នុងឆ្នាំដដែលនោះ»។
– ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កើតឡើងចំពេលមានភាពតានតឹងខ្ពស់រវាងប្រទេសជប៉ុននិងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងតូក្យូថ្មីៗនេះ ហាក់ចេញមុខចេញមាត់ខ្លាំងនិងបញ្ចេញវោហាសាសន៍រស៊ើបៗជាបន្តបន្ទាប់ រុញសភាពការណ៍ឲ្យឈានដល់កម្រិតគ្រោះថ្នាក់។
– ភាពតានតឹងកាន់តែពុះកញ្ជ្រោលខ្លាំងក្នុងខែវិច្ឆិកានេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ លើកឡើងថា ទីក្រុងតូក្យូអាចរួមដៃជាមួយសម្ព័ន្ធមិត្ត បើចិនវាយប្រហារកោះតៃវ៉ាន់ ដែលសម្តីនេះបណ្តាលឲ្យមានការសងសឹកផ្នែកសេដ្ឋកិច្ច និងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ ទីក្រុងតូក្យូ និយាយថា ការចោទប្រកាន់របស់ចិនដែលថា ជប៉ុនបានផ្លាស់ប្តូរគោលនយោបាយគឺ «មិនមានមូលដ្ឋានទាល់តែសោះ»។
– រឿងរ៉ាវចុងក្រោយបំផុត គឺជប៉ុនបានប្រកាសពីការត្រៀមលក្ខណៈដាក់ពង្រាយមីស៊ីល Type 03 Chu-SAM លើកោះយ៉ូណាហ្គូនី ក្បែរតៃវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Shinjiro Koizumi និយាយថា ការដាក់ពង្រាយនេះនឹងជួយពង្រឹងការទប់ស្កាត់ ខណៈដែលហានិភ័យសន្តិសុខក្នុងតំបន់កំពុងកើនឡើង៕

