តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ

ភ្នំពេញះ- តុលាការកំពូល នៃកម្ពុជា សម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ។

– សូមរម្លឹកថា​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះ​ឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។

– ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។

– នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងទាំង៣ ដោយផ្តន្ទាទោសឧក្រដិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប៣១ឆ្នាំ និងសងជម្ងឺចិត្ត១លានដុល្លារអាមេរិកឲ្យឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និង១លាន ៥ម៉ឺនដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់ និងសងជម្ងឺចិត្ត៣០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ សុខុម ចរណៈ និង២០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ ហុង រិទ្ធារ័ក្ស។

– ក្រោយការសម្រេចបែបនេះ របស់សាលាដំបូង ឧក្រិដ្ឋនជន ស្រី ស៊ីណា បានប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។

– យ៉ាងណានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។

– បន្ទាប់មកឧក្រិដ្ឋនជន ស្រី ស៊ីណា នៅតែបន្តប្ដឹងជំទាស់ទៅកាន់តុលាការកំពូល ទើបនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ តុលាការកំពូលសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមទាំងពីរថ្នាក់។

– សំណុំរឿងឧក្រិដ្ឋកម្មបង្កឡើងដោយឧក្រិដ្ឋជន ស្រី ស៊ីណា ជាសំណុំរឿងដ៏កក្រើក បង្កការចាប់អារម្មណ៍ ក្ដីឈឺចាប់ និងខ្លាចរអាដល់បណ្ដាពលរដ្ឋខ្មែរ មិនថារស់នៅក្នុងឬក្រៅប្រទេស តាមដានស្រែកទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។ សំណុំរឿងនេះ ថ្នាក់ដឹកនាំបានតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ បញ្ចប់គោរមងារ ឧកញ៉ា ពីឧក្រិដ្ឋជន ស្រី ស៊ីណា និងបានបញ្ជូនក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន ដល់គ្រួសារជនរងគ្រោះផងដែរ។

– ក្រោយការប្រកាសរបស់តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ជនរងគ្រោះ ហុង រិទ្ធារ័ក្ស ប្រកាសតាមទំព័រហ្វេសប៊ុក ថា ទីបំផុតលោក និងជនរងគ្រោះ សុខុម ចរណៈ និងជនរងគ្រោះ ដែលបាត់បង់ជីវិតទៅរួមមាន លោក ឡុង លីសុង និងកញ្ញា ឃីន កញ្ជនា ទទួលបានយុត្តិធម៌ហើយ ពោលគឺយុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។

– លោក ហុង រិទ្ធារ័ក្ស អរគុណទៅដល់សម្ដេចតេជោ ហ៊ុន សែន នឹង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់មួយនេះ តាំងពីដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ និងអរគុណឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ និង លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានជួយឈឺឆ្អាលយកអាសារជាមួយនឹងរឿងក្តីមួយនេះ។

សូមរម្លឹកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់លើកឡើងថា នឹងបញ្ជូលឈ្មោះឧក្រិដ្ឋជនស្រី ស៊ីណា ទៅក្នុងបញ្ជីអ្នកទោសដែលមិនអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានជាដាច់ខាត៕

 

You might like