ខេត្តកំពង់ស្ពឺ ៖ – ករណីក្រុមក្មេងទំនើង ជាស្រីៗ ដែលបានណាត់ សាកកម្លាំងរវាងគ្នា ដោយការវាយគ្នាផ្ទាល់នៅក្នុងស្រែ ត្រូវបានសមត្ថកិច្ច ប្រមូលយកទៅសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកសាមគ្គីមុនីជ័យ កាលពីរសៀល ថ្ងៃទី ៥ខែមិថុនាឆ្នាំ២០២៥។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពី ឈ្មោះ ផាត លីចាន់ស៊ី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ប្ដឹងឈ្មោះ រស់ ព្រីរីហ្សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ចុងបណ្ដឹង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចំណាត់ការ។
– ភាគីដែលត្រូវគេប្ដឹង រស់ ព្រីរីហ្សា រួមជាមួយបក្ខពួកចំនួន ០៣នាក់ផ្សេងទៀត ១-ឈ្មោះ ប៊ុន រតនា ភេទស្រី អាយុ ១៧ឆ្នាំ ភូមិព្រៃសំរោង ឃុំលំហាច ស្រុកអង្គស្នួល ២-ឈ្មោះ ជា វិបុត្រ ប្រុស អាយុ ១៧ឆ្នាំ ៣-ឈ្មោះ ផាត សុខអាយ ភេទស្រី អាយុ ១៦ឆ្នាំ ។
– កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨ និង៤០នាទី បក្ខពួក៣នាក់ និងឈ្មោះ រស់ ព្រីរីហ្សា បានជិះម៉ូតូមកដល់គោលដៅដែលបានណាត់ជួបគ្នា (តាមបណ្ដាញសង្គម messages) នៅចំណុចបឹងស្រែខាងកើតភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ រីឯឈ្មោះ ផាត លីចាន់សុី មានគ្នាចំនួន ២នាក់ រួមជាមួយបក្ខពួកឈ្មោះ យ៉េន យ៉ា រី អាយុ ១៧ឆ្នាំ។

– ក្រោយបានជួបជជែកគ្នាមិនទាន់ចប់ផង ឈ្មោះ រស់ ព្រីរីហ្សា បានហក់ទៅវៃឈ្មោះ ផាត លីចាន់ស៊ីនិងបានធ្វើសកម្មភាពវាយតបត ដោយបច្ចេកទេសរៀងៗខ្លួន វាយគ្នាទៅវិញ ទៅមក បណ្ដាលឱ្យមានការប្រឡាក់ភក់និងរងរបួសរៀងៗខ្លួន ។
– លោកវរសេនីយ៍ឯក ខឹម សាម៉ុន បានឲ្យដឹងថា ភាគីទាំងសងខាងបានធ្វើការចោទប្រកាន់លើគ្នាទៅវិញទៅមក ដូច្នេះសមត្ថកិច្ចបានឃាត់និងបញ្ជូនសំណុំរឿងទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការនីតិវិធីបន្ដ។
– ជាក់ស្ដែងសមត្ថកិច្ចដកហូតវត្ថុតាងទូរស័ព្ទចំនួន០៥គ្រឿង ដែលជាមធ្យោបាយបង្កហេតុ៕

