កំពង់ស្ពឺ៖- កំលាំងអធិការដ្ធាននគរបាលស្រុកសំរោងទង បានបេីកការស្រាវជ្រាវករណីគប់កញ្ចក់រថយន្ត នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៨-៣៩ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង ៥០នាទី យោងតាមបណ្ដឹងឈ្មោះ សន ចាន់ថេត ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្ដឹងជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកវរសេនីយ៍ឯក ឃុត សុផល អធិការ នគរបាលស្រុកសំរោងទងបានបញ្ជាក់អោយដឹងថា ៖ ករណីខាងលើតាមការស្រាវជ្រាវ មានជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង មកពីក្រោយរថយន្ដរួចបានវ៉ារថយន្ដ រួចយកដុំថ្មគប់ទៅលេីរថយន្ដតែម្ដងបណ្ដាលអោយបែកកញ្ចក់រថយន្តផ្នែកខាងមុខ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានយកដុំថ្មគប់មកលើកញ្ចក់រថយន្តជាថ្មីម្ដងទៀត ។

– សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឈានឃាត់មនុស្ស ៤នាក់ ៖
១- ឈ្មោះ ពេជ្រ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ម្ចាស់/បេីកម៉ូតូ
២- ឈ្មោះ មាន សូយទ្រី ហៅទ្រី ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកគប់លេីរថយន្ដ
៣- ឈ្មោះ ភូ ចាន់ដា ហៅចយ ភេទប្រុស អាយុ ២១ឆ្នាំ អ្នកបើកម៉ូតូ
៤- ឈ្មោះ សូត្រ ស៊ីធួន ភេទប្រុស អាយុ ២០ឆ្នាំ ជិះពីក្រោយ ។
– ជាក់ស្ដែងដកហូតបានម៉ូតូ ២គ្រឿង និងបានទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានធ្វេីសកម្មភាព ប្រាកដមែន មូលហេតុមកពី ខឹងបុរសម្នាក់ដែលមានឡានស្រដៀងគ្នា លួចស្រលាញ់មិត្ដស្រីរបស់ខ្លួន តែការពិតរថយន្ដនេះមិនមែនជាបុរសដែលដឹកសង្សាខ្លួនឡេីយ ។
– បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ចាត់ការតាមនីតិវិធី៕




