អន្តរជាតិះ- ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាក្នុងកិច្ចព្រមព្រៀងវិនិយោគដ៏ធំមួយជាមួយអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលនូវអ្វីដែលត្រូវបានគេនិយាយថា ជាការទិញអាវុធក្នុងទំហំដ៏ធំបំផុតដែលមិនធ្លាប់មាន និងជាអាវុធផលិតដោយសហរដ្ឋអាមេរិក។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោក Trump បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង Riyadh កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា យន្តហោះចម្បាំងរបស់យើង កាំជ្រួចរបស់យើង ប្រព័ន្ធការពារ Patriots របស់យើង និយាយរួមយើងមានឧបករណ៍ល្អបំផុតលើលោក។ លើសពីនេះ អ្នកកំពុងទិញរបស់ប្លែកៗជាច្រើន ហើយខ្ញុំពេញចិត្តណាស់។
– សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានយល់ព្រមពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អារ៉ាប៊ីសាអូឌីតកំពុងប្តេជ្ញាចិត្តក្នុងការវិនិយោគ ៦០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ ថវិកាទាំងនោះរួមមានលុយសម្រាប់កិច្ចព្រមព្រៀងអាវុធដែលមានតម្លៃ១៤២ពាន់លានដុល្លារ។ អាមេរិកនឹងលក់ទំនិញដែលទាក់ទងនឹងការការពារកាំជ្រួច សន្តិសុខដែនសមុទ្រ និងការធ្វើទំនើបកម្មកងទ័ពក្នុងចំណោមផលិតផលផ្សេងៗទៀត។
– មេដឹកនាំអារ៉ាប៊ីសាអូឌីតសង្ឃឹមថា ការទិញអាវុធដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងអនុញ្ញាតឱ្យពួកគេរក្សាបាននូវឧត្តមភាពយោធានៅក្នុងតំបន់។
– លោក Trump គ្រោងនឹងជួបជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa នៅថ្ងៃពុធផងដែរ មុនពេលចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត។ លោកថ្លែងថា លោកនឹងចេញដីកាដកទណ្ឌកម្មលើប្រទេសស៊ីរី។ បន្ទាប់មកគាត់នឹងធ្វើដំណើរទៅកាតា និងអារ៉ាប់រួម៕
