អន្តរជាតិះ- អ្នកជំនាញថៃបានចេញការព្រមានថា ប្រទេសនេះនឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណា ដូច្នេះហើយគេទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥, លោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លើកឡើងថា បន្ទះទិចតូនិច Sagaing ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបន្ទះទិចតូនិចធំបំផុតរបស់អាស៊ីអាគ្នេយ៍ នៅតែបន្តមានសកម្មភាព ហើយនេះគឺជាកង្វល់ធំបំផុតសម្រាប់ប្រទេសថៃ ដោយសារតែឥទ្ធិពលរបស់វា។
– ម្យ៉ាងវិញទៀត ប្រទេសថៃក៏ស្ថិតនៅលើខ្សែបន្ទាត់សកម្មចំនួន១៦ផងដែរ ដែលជាហេតុបង្កហានិភ័យនៃគ្រោះរញ្ជួយដីទាំងមិននឹកស្មានដល់ជាពិសេសក្នុងខេត្ត Phitsanulok និង Kanchanaburi។
– យ៉ាងណាក្តី ក្រុមអ្នកជំនាញអះអាងថា រំញ័រ aftershock ដែលជាឥទ្ធិពលពីរញ្ជួយដីកម្រិតធ្ងន់នៅមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន លែងបង្កជាក្តីកង្វល់ដល់ប្រទេសថៃទៀតហើយ។
– សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារ។
– តួលេខមនុស្សស្លាប់នៅប្រទេសថៃ គិតត្រឹមថ្ងៃពុធគឺមានចំនួន២៦នាក់ ភាគច្រើនជាកម្មករសំណង់ ដែលបាត់បង់ជីវិតក្នុងការបាក់អគារសវនកម្មរដ្ឋនៅខណ្ឌចតុចក្រ ខណៈ៣៣នាក់រងរបួស។
– ងាកទៅប្រទេសមីយ៉ាន់ម៉ាឯណោះ មនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏មហន្តរាយនេះ បានកើនដល់ជាង៣ ០០០នាក់ ភាគច្រើននៅក្នុងទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃការរញ្ជួយ៕

