– ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានស្នើឲ្យដាក់ប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) ជាបណ្តោះអាសន្នសិន ជាមធ្យោបាយមួយ ដើម្បីរក្សាស្ថិរភាពប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ និងសម្រួលឲ្យមានការបោះឆ្នោតថ្មី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកពូទីនប្រកាសសំណើនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Murmansk ហើយវាត្រូវគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រុស្ស៊ី ក្នុងការបញ្ចប់ជម្លោះនិងរក្សាឥទ្ធិពលលើនយោបាយអ៊ុយក្រែននាពេលអនាគត។
– មូលហេតុនៅពីក្រោយសំណើនេះគឺព្រោះតែ អាណត្តិរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាប្រធានាធិបតីអ៊ុយក្រែន បានផុតកំណត់តាំងតែពីខែឧសភាឆ្នាំ២០២៤មកម្ល៉េះ ហើយក៏គ្មានការបោះឆ្នោតថ្មីដែរ ដូច្នេះរុស្ស៊ីមើលឃើញថា បច្ចុប្បន្នអ៊ុយក្រែន កំពុងដឹកនាំដោយរដ្ឋាភិបាលមិនស្របច្បាប់។

– ជុំវិញរឿងនេះ លោកពូទីន បានសង្កត់ធ្ងន់ថា មហាអំណាចខាងក្រៅគួរតែជួយសម្រួលដល់ការបោះឆ្នោតនៅអ៊ុយក្រែន ដើម្បីបង្កើតរដ្ឋាភិបាលដែលមានសមត្ថភាព និងទទួលបានការទុកចិត្តពីប្រជាជន។ បន្ទាប់ពីនោះ រដ្ឋាភិបាលទីក្រុងកៀវថ្មី អាចចាប់ផ្តើមការចរចាជាមួយទីក្រុងមូស្គូ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលនឹងទទួលស្គាល់ជុំវិញពិភពលោក ហើយអាចទុកចិត្តបាននិងប្រកបដោយស្ថិរភាពបានហើយ។ ជម្រើសល្អបំផុតតែមួយគត់ គឺមានតែអភិបាលកិច្ចបណ្ដោះអាសន្នប៉ុណ្ណោះ។
– ទន្ទឹមនោះ លោកពូទីនបានចង្អុលបង្ហាញថា រដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយ UN ស្រដៀងគ្នានេះ ត្រូវបានអនុវត្តរួចហើយកាលពីអតីត នៅក្នុងតំបន់ក្រោយជម្លោះដូចជាកូសូវ៉ូនិងទីម័រខាងកើតជាដើម ដូច្នេះអ៊ុយក្រែនអាចយកគំរូតាមនោះ ដោយធានានូវអព្យាក្រឹតភាព។
– ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំអ៊ុយក្រែនបានច្រានចោលសំណើរបស់លោក ពូទីន ដោយលោកហ្សេលេនស្គីបញ្ជាក់ថា រុស្ស៊ីមិនស្វែងរកសន្តិភាពពិតប្រាកដទេ ប៉ុន្តែផ្ទុយទៅវិញកំពុងព្យាយាមកំណត់លក្ខខណ្ឌនៃអនាគតរបស់អ៊ុយក្រែន។ មន្ត្រីទីក្រុងកៀវបានបញ្ជាក់ជំហររបស់ខ្លួនថា ការចរចាសន្តិភាពណាមួយត្រូវតែផ្អែកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
– ពាក់ព័ន្ធរឿងនេះ សហរដ្ឋអាមេរិកមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រភពការទូតបានលើកឡើងថា សំណើរបស់លោក ពូទីន អាចធ្វើឲ្យកាន់តែមានភាពស្មុគស្មាញដល់កិច្ចពិភាក្សាដែលកំពុងបន្តអំពីជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន៕

