លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងទៅប្រទេសបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការអភិរក្សបេតិកភណ្ឌវប្បធម៌

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង នៅពាក់កណ្តាកខែមីនាខាងមុខ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះ លោកនឹងទៅធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់-កូហ្វូនីលើកទី២០ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦។

ទន្ទឹមនឹងនោះ លោកក៏គ្រោងនឹងមានជំនួបជាមួយលោកស្រី Audrey Azoulay អគ្គនាយក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីផ្លាស់ប្ដូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌។ គួរបញ្ជាក់ថា នេះគឺជាទស្សនកិច្ចការងារលើកដំបូងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅប្រទេសបារាំង បន្ទាប់ពីវិលត្រឡប់មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសវិញ៕

You might like